ភ្នំពេញ, នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.2 ដែលមានបន្ថែមមុខងារថ្មីៗជាច្រើន ប៉ុន្តែក្នុងចំណោមមុខងារទាំងនោះ មុខងារ Legacy Contacts គឺជាមុខងារសំខាន់មួយដែលលោកអ្នកគួរតែប្រើ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ជាមួយនឹងមុខងារ Legacy Contacts អ្នកប្រើប្រាស់អាចធ្វើការកំណត់មនុស្សដែលអាចទុកចិត្តបានដើម្បីអាចប្រើ Apple ID ក្នុងការទាញយកទិន្នន័យនៅក្នុងគណនី iCloud (Digital Legacy) បន្ទាប់ពីលោកអ្នកទទួលមរណភាព។ ពួកគេអាចចូលទៅមើល រូបថត សារ កំណត់ចំណាំ ឯកសារ បញ្ជីឈ្មោះ ព្រឹត្តិការណ៍ប្រតិទិន និងកម្មវិធី ជាដើម ប៉ុន្តែពួកគេមិនអាចទទួលបានលេខសម្ងាត់ iCloud Keychain នោះទេ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទៀតថា, ដើម្បីប្រើមុខងារនេះអ្នកប្រើប្រាស់អាចចូលទៅក្នុង Settings >ចុចនៅលើរូបប្រូហ្វាល >Password & Security >Legacy Contact ហើយធ្វើការជ្រើសរើសដើម្បីបញ្ជាក់ឈ្មោះអ្នកកំណត់។ ដើម្បីអាចចូលទៅប្រើគណនី iCloud របស់លោកអ្នកបាន ពួកគេត្រូវផ្តល់លេខសំគាល់ និងសំបុត្រមរណភាព៕
ដោយ, សិលា