សម្ដេចក្រឡាហោម ស ខេង និងលោកស្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី

ចែករំលែក៖

ភ្នំពេញ, យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៧ហិចតា ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាពេលព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសដ៏សែនឱឡារិកអធិកអធមនេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏បានប្រារព្ធធ្វើពិធីសែនក្រុងពាលីតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរពីបុរាណ ដោយបានរៀបចំនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ប្រដាប់ប្រដាផ្សេងៗ បូជាចំពោះគុណព្រះរតនត្រៃ គុណកែវទាំង៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទសបារមីដែលថែរក្សាទឹកដី ភូមិករ និងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំនូវសេចក្តីសុខ សេចក្តីចម្រើនដល់ដំណើរការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ឱ្យប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុវត្ថិភាព ព្រមទាំងគ្មានឧបសគ្គជានិច្ច ព្រមទាំងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តស្វាធ្យាយ ជយន្ដោ ប្រោះព្រំដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាជ័យមង្គលដ៏ឧត្តុង្គឧត្តមផងដែរ។

ជាមួយគ្នានេះ បន្ទាប់ពីប្រារព្ធពិធីក្រុងពាលី និងសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តី សេចក្តីចម្រើនរួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏បានអញ្ជើញធ្វើពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះ ដោយក្នុងនោះ ក៏បានបន្តរៀបចំនិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំដុំសីមា ព្រមទាំងធ្វើពិធីដង្ហែដុំសីមា និងកាត់ឫសសីមាដាក់ចូលក្នុងរណ្ដៅគ្រឹះជានិមិត្តរូបសម្រាប់ការងារចាប់ផ្តើមដំណើរការសាងសងតែម្តង បន្ទាប់ពីពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះរួចមក សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏បានបន្តអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចុចប៊ូតុងបញ្ជាគ្រឿងចក្រ ចាប់ផ្ដើមសម្ពោធការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ជាផ្លូវការចាប់ពីពេលនេះតទៅ។

សូមជម្រាបជូនផងដែរថា អាគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអាគារនេះ បែទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអាគារបានសរុបចំនួន៣៣០គ្រឿង។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។

ជាងនេះទៀត ផ្ទៃក្រឡាសរុបរបស់អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ មានទំហំ ១០៥,៥៤៥ ម៉ែត្រក្រឡា និង ៤៣,៥ម៉ែត្រ គិតពីមហាវិថីព្រះនរោត្តម មកត្រឹមក្រោមដំបូលអគារកម្ពស់៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង៩២ម៉ែត្រ គិតដល់ចុងបុស្បបុកតូច និង១១៨ ម៉ែត្រគិតដល់ចុងបុស្បបុកធំ។

សូមបញ្ជាក់ជូនផងដែរថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់នេះ ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិតចាប់ផ្ដើមដំណើរការសាងសង់ពី ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន៕

...

ដោយ ៖ វិសាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print