ខេត្តកំពង់ធំ÷នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិ ការដ្ឋានសមាគមអតីតយុទ្ធជន ដើម្បីត្រួតពិនិត្យសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០២១កន្លងមក និងគ្រោងលើក ទិសដៅដើម្បីអនុវត្តន៍បន្តសម្រាប់ឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ។
សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ ដែលអនុវត្តន៍សម្រេច បានគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ទោ សោម ស៊ុន មានជាអាទិ៍ ការធ្វើជាសេនា ធិការជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះចំនួន ១៤១ខ្នង នៅលើដីសម្បទានសង្គមកិច្ច និងការដឹកនាំដោយផ្ទាល់ក្នុងការសាងសង់ផ្ទះក្នុងឆ្នាំ២០២១នេះ បានចំនួន ២១ខ្នង គិតមកដល់ពេលនេះមាន ចំនួន ២០១ខ្នង នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ជូន អតីតយុទ្ធជន ដែលគ្មានដីកម្មសិទ្ធិ និងមានជម្រកស្នាក់នៅមិនសមរម្យ ដែលមកដល់ពេលនេះការ សាងសង់ផ្ទះសរុបនៅទូទាំងខេត្តកំពង់ធំ មានចំនួន ៣៤២ខ្នងផ្ទះ រួចហើយ ព្រមទាំងបានដំណើរការ បើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនបាន ចំនួន ៦១សព ស្មើនឹងថវិកាចំនួន ២៤៤លានរៀល និងដឹកនាំសកម្មភាពសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា បានចំនួន ២២៦លើក និងបានឧបត្ថម្ភអង្ករចំនួនជាង ២៤តោន, មីចំនួន ១,៥៥០កេស និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអនុវត្តន៍ ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី និងបណ្តាមន្ទីរ, អង្គភាព, ស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្តកំពង់ធំ ដែលបានសហការល្អ ជួយឧបត្ថម្ភ និងបង្ករលក្ខណៈងាយស្រួល ក្នុងសកម្មភាពបម្រើអតីតយុទ្ធជនយើង ដែលមានជីវភាពលំ បាកខ្វះខាត ដោយពួកគាត់ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកធ្វើ ឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
ដោយ ស៊ុនហេង