ក្រសួងការពារជាតិអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបញ្ជូនកម្លាំងទាហាន រហូតដល់ជាង៩ម៉ឺននាក់ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ពិភពលោកទាំងមូលនឹងមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាចង់បានសន្តិភាព ហើយអ្នកណាបានបញ្ជូនទាហានជិត១សែននាក់ចូលមកកាន់ព្រំដែន»។
ការដែលរុស្ស៊ីបញ្ជូនទាហានចូលមកកាន់ព្រំដែនជិតប្រទេសអ៊ុយក្រែន បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមវាយប្រហារកើតឡើង ។ ចំណែកភាគីរុស្ស៊ីបានបញ្ជាក់ថា ការលើកឡើងខាងលើរបស់អ៊ុយក្រែននឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង។ រុស្ស៊ីក៏បានលើកឡើងពីសកម្មភាពយោធារបស់អង្គការណាតូ នៅតំបន់ជិតព្រំដែនរុស្ស៊ីដែរ ។
ជាមួយគ្នានេះតំណាងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polansky បានបញ្ជាក់ថា រុស្ស៊ីមិនមានគម្រោង ជ្រៀតជ្រែកដោយយោធានៅក្នុងទឹកដីអ៊ុយក្រែននោះឡើយ ។ លោក Polansky បញ្ជាក់ថា រុស្ស៊ីមានសិទ្ធិនៅក្នុងការបញ្ជូនទាហានទៅកាន់គ្រប់ទីកន្លែងក្នុងទឹកដីរបស់ខ្លួន ៕ ដោយសាធី