ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាពនិងជោគជ័យ នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាតិជាន់ខ្ពស់ ព្រះរាជវង្សានុវង្សជាច្រើនបានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គដល់អាកាសដ្ឋានអន្តរជាតិភ្នំពេញ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយាងចាកចេញពីមាតុប្រទេស ចូលរួមមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី១០ វិច្ឆិកាឆ្នាំ២០២១ តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ។ ក្នុងមហាសន្និបាតនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា កាន់មហាសន្និបាតនៅថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់មក ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់សម្តែងការគួរសមនៅថ្ងៃទី១៣ខែ ឆ្នាំដដែលនោះ។
ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។
សូមរាជាអនុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
ដោយ, សិលា