ភ្នំពេញ÷ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នាពេលថ្មីៗនេះថា កន្លងមកមានជនខិលខូចមួយចំនួន ដែលយកសាសនាធ្វើជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មដូចជាដើដើរៃអង្គាសប្រាក់ ឬក្លែងធ្វើជាសង្ឃត្រូវបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់។ ជាមួយនេះលោកបានមានប្រសាសន៍ថា ខណ:រាជរដ្ឋាភិបាលបានបើកទូលាយក្នុងការប្រារព្ធពិធីសាសនាឡើងវិញនោះ ព្រះសង្ឃទាំងអស់មិនត្រូវនិមន្តបិណ្ឌបាត្រតាមទីផ្សារដាច់ខាត ហើយប្រសិនបើមាននឹងត្រូវចាប់ផ្សឹកទទួលពិន័យ។
លោកក៏បានអំពាវនាវដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ថ្ងៃនៅតាមភូមិឋាននានាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ឱ្យបានខ្ពស់បន្ថែមទៀត ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលបន្តិចក៏ដោយ តែអត្រានៃការស្លាប់របស់អ្នកជំងឺនៅតែជាអត្រាដែលគួរឱ្យបបារម្ភនៅឡើយ។ ដូច្នេះពេលនិមន្តបិណ្ឌបាតតាមភូមិព្រះសង្ឃត្រូវពាក់ម៉ាស និងត្រូវយកអាល់កុលដាក់តាមជាប់រហូត និងត្រូវរក្សាគន្លាតពីពុទ្ធបរិស័ទយ៉ាងតិច២ម៉ែត្រ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ និងដើម្បីកុំឲ្យនាំជំងឺនេះមកចម្លងដល់ព្រះសង្ឃផ្សេងៗទៀតនៅក្នុងទីអារាមជាមួយគ្នា ។
លោកសេង សុមុនី បានបន្ថែមថា បច្ចុប្បន្នព្រះសង្ឃនៅរាជធានីភ្នំពេញអាចនិមន្តបិណ្ឌបាតបានឡើងវិញហើយដោយសារស្ថានភាពជំងឺកូវីដមានភាពធូរស្រាលបន្តិច ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ បន្ទាប់ពីបានផ្អាកមួយររយនោះ ។
លោកក៏បានផ្តាំផ្ញើម្តងហើយម្តងទៀតដល់ព្រះសង្ឃទាំងឡាយមិនត្រូវនិមន្តបិណ្ឌបាតនៅតាមទីផ្សារឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា តែបើក្នុងករណីព្រះសង្ឃអង្គណាល្មើសបម្រាមនេះនឹងត្រូវប្រឈមនឹងការចាប់ផ្សឹកមិនខាន ។
លោកសេង សុមុនី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះមានព្រះសង្ឃ(ព្រះពុទ្ធសាសនា)នៅទូទាំងប្រទេសចំនួន១២១៩អង្គហើយដែលបានឆ្លងជំងឺកូវីដ-១៩ និងបានជាសះស្បើយចំនួន១១៤២អង្គ និងអនិច្ចធម្មចំនួន១២អង្គ៕