ភ្នំពេញ ៖ មនុស្សប្រុសស្រីបួននាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលឈប់ម៉ូតូសណ្តោងរុឺម៉កដើម្បីជួសជុលស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងបើកក្នុងល្បឿនលឿនមកបុកពីក្រោយរួចអូសប្រហែល២០០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងកំពុងតែឈប់ចតនៅប្របចិញ្ចើមផ្លូវដើម្បីឱ្យជាងជួសជុល ខណៈនោះស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A -0517បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីពីរនាក់ទៀតធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កដែលកំពុងចតនៅចិញ្ចើមផ្លូវដើម្បីឱ្យជាងជួសជុលនោះ រួចអូសបន្តប្រហែល ២០០ម៉ែត្រ បណ្ដាលឱ្យមានមនុស្សប្រុស ស្រីចំនួន៤នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្នុងនោះក៏មានក្មេងម្នាក់ផងដែរ។ ចំណែកតៃកុងរថយន្តបង្កបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងយករថយន្តបង្កនិងរុឺម៉កម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ៖ និន សុភ័ស្ត