រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE)បានប្រកាសថា មានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីជាទ្រង់ទ្រាយធំនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។ សារព័ត៌មាន CNN បានផ្សាយថា ការឆ្លងរាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី គឺជាការគំរាមកំហែងដល់បណ្តាកសិដ្ឋានចិញ្ចឹមសត្វ ។ ការឆ្លងនេះធ្វើឲ្យវិស័យឧស្សាហកម្មបសុបក្សីស្ថិតក្នុងភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះឡើងលើកមុនៗ ដែលបាននាំឱ្យមានការសម្លាប់សត្វបក្សីរាប់សិបលានក្បាល។ ការផ្ទុះឡើងក៏នាំឱ្យមានការរឹតបន្តឹងផ្នែកពាណិជ្ជកម្មផងដែរ។ វាក៏កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញខាងផ្នែកជំងឺឆ្លងផងដែរ ព្រោះជំងឺនេះអាចចម្លងទៅមនុស្សបាន។ រហូតមកដល់ពេលនេះ ប្រទេសចិនបានរាយការណ៍ពីការរកឃើញការឆ្លងជំងឺគ្រុនផ្តាសាយបក្សី (H5N6) ទៅកាន់មនុស្សចំនួន២១នាក់រួចមកហើយ។ អង្គការ OIE បានប្រកាសថា អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សី នៅកសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៧០,០០០ក្បាល ស្ថិតក្នុងខេត្ត ឆឹងឆុងបាក់ដូ (Chungcheongbuk-do) ហើយសត្វមាន់ទាំងអស់នោះត្រូវបានយកទៅសម្លាប់ចោលតែម្ដង។ អង្គការ OIE បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនក៏បានរាយការណ៍ពីការរកឃើញការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សីជាលើកដំបូងរបស់ខ្លួនសម្រាប់រដូវរងាឆ្នាំ២០២១នេះផងដែរ នៅកសិដ្ឋានចិញ្ចឹមមាន់មួយនាភាគឦសាននៃប្រទេស។ ការផ្ទុះឡើងនេះ គឺជាជំងឺគ្រុនផ្ដាសាយបក្សី «H5N8»។ ចំណែកនៅទ្វីបអឺរ៉ុប ប្រទេសន័រ វេសបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយបក្សី (H5N1) នៅក្នុងតំបន់ រ៉ូហ្គាលែន (Rogaland) ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ក្បាល ខណៈប្រទេសបែលហ្ស៉ិក បានដាក់ប្រទេសក្នុងភាពអាសន្ន ចំពោះមុខការកើនឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដោយបញ្ជាឱ្យរក្សាទុកសត្វបក្សីទាំងអស់នៅទីកន្លែងបិទជិត នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងៗគ្នា ត្រូវបានរកឃើញនៅលើសត្វក្ងានព្រៃ នៅជិតទីក្រុង អាន់ថ្វឺព (Antwerp)៕ ដោយសាធី
រូបថត៖TTXVN-VNA.
រូបថត៖CNN.