ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរូបគេនិងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូឌុបគ្នាហើយត្រូវម៉ូតូមួយគ្រឿងទៀតបុកត្រង់ចំណុចផ្លូវបំបែកជាបួន ហើយក្រោយពីបង្កគ្រោះថ្នាក់រួចម៉ូតូបង្កជិះរត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង០០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ ៤៣២កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1J-2204 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ហើយបានឆ្លងកាត់ផ្លូវលេខ១៦៣។
ប្រភពបានបន្តថា នៅពេលដែលកំពុងតែឆ្លងស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យយុវម្នាក់ដែលជិះខាងក្រោយបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីបុករួចម៉ូតូបង្កបានជ្រុលទៅបុកជាមួយរទះដែលនៅលើចិញ្ចើមផ្លូវថែមទៀតតែមិនបណ្ដាលឲ្យរងរបួសឬខូចខាតអ្វីច្រើននោះទេ ហើយបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានមិត្តភក្តិជិះយកទៅដោយខ្លួនឯង៕
![IMG_8190](http://nkdnews.com/wp-content/uploads/2016/04/IMG_8190.jpg)
![IMG_8199](http://nkdnews.com/wp-content/uploads/2016/04/IMG_8199.jpg)
![IMG_8204](http://nkdnews.com/wp-content/uploads/2016/04/IMG_8204.jpg)
![IMG_8215](http://nkdnews.com/wp-content/uploads/2016/04/IMG_8215.jpg)
![IMG_8195](http://nkdnews.com/wp-content/uploads/2016/04/IMG_8195.jpg)
ដោយ៖ ជីម ភារ៉ា ដង្កោ
...