ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខឆាប់ៗនេះ នាព្រឹកថ្ងៃ២កើត ខែចែត្រ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មន្រ្តីគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រប្រគេនព្រះសង្ឈ លើករាសី ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា តែងរៀបចំពិធីសូត្រមន្ត និងរាប់បាត្រប្រគេនព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរបុរាណ នៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន៖ មាតា បិតា ជីដូនជីតា និងញាតិការទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី និង បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក មានទេវតារក្សាឆ្នាំថ្មី ឆ្នាំវក ជាដើមនោះ សូមជួយប្រោះព្រហ្ម សេរីសួស្តី ជ័យមង្គល អាយុយឺនយូរ និងឈ្នះរោគារ ដល់សមាជិក សមាជិការ និងបញ្ចៀសឱ្យបាននូវគ្រោះមហន្តរាយទាំងឡាយ កុំឱ្យកើតមានមកលើប្រជាពលដ្ឋខ្មែរ៕
ដោយ៖ សីលា