សកម្មភាពពង្រីកឃ្លាំងអាវុធបរមាណូរបស់ចិនបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោននៅមិនស្ងៀមឡើយ ដោយខិតខំស្វែងរកកិច្ចពិភាក្សាដើម្បីស្ថិរភាពយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំង។
តាមការលើកឡើងរបស់មន្ត្រីសេតវិមានបានឱ្យដឹងថា អាមេរិកកំពុងតែស្វែងរកកិច្ចពិភាក្សាស្តីពីយុទ្ធសាស្ត្រជាមួយចិន ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា រយៈពេលកន្លងមក ហើយចិនបានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី១៦ខែវិច្ឆិកា ប្រធានាធិបតីបៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជីនពីងបានព្រមព្រៀងគ្នា «ពិភាក្សាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ»។ ទីក្រុងវ៉ាស៊ីនតោនបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីការពង្រីកឃ្លាំងអាវុធបរមាណូ និងកាំជ្រួចមីស៊ីលអន្តរទ្វីប ។ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យចិនចូលរួមនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធ ជាមួយរុស្ស៊ីនិងអាមេរិក។
ការពង្រីកឃ្លាំងអាវុធរបស់ចិន គឺជាការព្រមានដល់អាមេរិកមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ ក្នុងនោះក៏មានបញ្ហាកោះតៃវ៉ាន់ផងដែរ ។ ពេលថ្មីៗនេះមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈ ដែលលោកស្រីផ្ទាល់ប្រកាសផ្ទេរភារកិច្ចឱ្យកងកម្លាំងយន្ដហោះចម្បាំងស៊េរីថ្មី F-16V ដើម្បីពង្រឹងវិស័យការពារជាតិនៃដែនកោះមួយនេះចំពោះមុខភាពតានតឹងជាមួយចិន។
ថ្លែងនៅឯពិធីមួយនាថ្ងៃ១៨ខែវិច្ឆិកានៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Chiayi ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានថ្លែងសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍យន្ដហោះចម្បាំង F-16 ស៊េរីធម្មតា ទៅជាយន្ដហោះចម្បាំងស៊េរីទំនើប F-16V បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិកនឹងតៃវ៉ាន់។ លោកស្រីបានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំជឿជាក់ថាដរាបណាយើងចូលរួមការពារតម្លៃប្រជាធិបតេយ្យ និងសេរីភាព នោះច្បាស់ណាស់បណ្ដាប្រទេសដែលមានគំនិតដូចគ្នានេះ នឹងឈរនៅប្រកៀកស្មាជាមួយពួកយើង»៕ ដោយសាធី