ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ផេកផ្លូវការក្រសួងទេសចរណ៍ បានបង្ហោះបញ្ជាក់អោយដឹងថា, អង្គការទេសចរណ៍ពិភពលោក (UNWTO) បានជួយផ្សព្វផ្សាយអំពីការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងរួច ដែលមកដល់ប្រទេសកម្ពុជា ខណៈក្រសួងទេសចរណ៍ក៏បានបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិនឹងមកកម្សាន្តប្រទេសកម្ពុជាកាន់ច្រើន តាមរយៈការការជួយផ្សព្វផ្សាយរបស់អង្គការទេសចរណ៍ពិភពលោកនេះ។
អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលមកដល់កម្ពុជាតាមច្រកអន្តរជាតិទាំងអស់ (ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក) ឈប់តម្រូវឲ្យធ្វើចត្តាឡីស័កទៀតហើយ។
ដើម្បីទទួលបានការលើកលែងនេះ អ្នកដំណើរចាក់វ៉ាក់សាំងទាំងនេះ ត្រូវផ្ដល់៖
១/៖ វិញ្ញាបនបត្រចាក់វ៉ាក់សាំងពេញលេញ។
២/៖ វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់លទ្ធផលធ្វើតេស្ត PCR អវិជ្ជមាន រយៈពេល៧២ម៉ោង។
វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ខាងលើ ត្រូវចេញ និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសដើម។ ពេលមកដល់ច្រកអន្តរជាតិ អ្នកដំណើរត្រូវធ្វើតេស្តរហ័ស ដោយត្រូវរង់ចាំលទ្ធផលពី ១៥នាទី ទៅ ២០នាទី។ បើលទ្ធផលអវិជ្ជមាន អ្នកដំណើរអាចធ្វើដំណើរកម្សាន្តពេញផ្ទៃប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា, សម្រាប់អ្នកដំណើរដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីធ្វើតេស្តរហ័សនៅច្រកអន្តរជាតិ។ ស្របពេលនេះដែរ សម្រាប់អ្នកដែលកំពុងធ្វើចត្តាឡីស័កបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឲ្យបញ្ចប់ចត្តាឡីស័កចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ប្រសិនបើជាអ្នកទាំងនេះត្រូបានធ្វើតេស្តពុំឃើញលទ្ធផលវិជ្ជមានកូវីដ១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមលើការជួយផ្សព្វផ្សាយបន្ថែមរបស់អង្គការទេសចរណ៍ពិភពលោក អំពីការសម្របសម្រួលក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា។
ក្នុងនាមតំណាងក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រីជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិនឹងមកកម្សាន្តប្រទេសកម្ពុជាកាន់ច្រើន តាមរយៈការការជួយផ្សព្វផ្សាយរបស់អង្គការទេសចរណ៍ពិភពលោកនេះ៕
ដោយ : សិលា