ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ផេកផ្លូវការ របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
១/-ខេត្តព្រះសីហនុ ១៨,០៧៣ នាក់
២/-ខេត្តកំពត ១៥,៨៤០ នាក់
៣/-ខេត្តសៀមរាប ១៥,២៦០ នាក់
៤/-ខេត្តកែប ១២,៨៨០ នាក់
៥/-ខេត្តមណ្ឌលគិរី ១០,០១០ នាក់
៦/-ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ឱ្យដឹងថា ចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារជាដើម។ តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើននៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។
តាមរយៈផេកក្រសួងទេសចរណ៍ដដែល លោករដ្ឋមន្ត្រីបានបន្តថា បើទោះបីជាពុំមានការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋនៅតែដើរកម្សាន្តច្រើននៅមុខព្រះបរមរាជវាំង ខណៈដែលកន្លែងខ្លះក៏មានការរៀបចំការប្រណាំងទូកខ្នាតតូច ដូចជានៅកោះប្រាក់ ស្រុកកៀនស្វាយក្នុងខេត្តកណ្តាល និងនៅបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យជាដើម ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្តបានតុបតែងលម្អទីរួមខេត្ត និងទីប្រជុំជននានាឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តទៀតថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានចេញដំណើរទៅតាមខេត្តតាំងពីល្ងាចថ្ងៃម្សិលមិញ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមានសភាពកកកុញ ពិសេសផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តគោលដៅភាគខាងជើង និងភាគពាយព្យ និងផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តកែប និងខេត្តកំពត។ នាល្ងាចថ្ងៃព្រហស្បតិ៍ ចរន្តភ្ញៀវចូលទៅគោលដៅខេត្តសំខាន់ៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើមនៅតែមានភាពកកកុញពេញដោយភ្ញៀវទេសចរ ខណៈដែលភ្ញៀវទេសចរមួយចំនួនបាននិងកំពុងដើរកម្សាន្តច្រើនគោលដៅឆ្លងពីខេត្តមួយទៅខេត្តមួយ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានបន្ថែមថា អត្រាកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់គឺមានច្រើន ពិសេសខេត្តគោលដៅសំខាន់ៗ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើម ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើនបានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP របស់ក្រសួងទេចរណ៍ និងវិធានការសុខាភិបាលនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរក៏បានចូលរួមទប់ស្កាត់បានល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំង។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានរាយការណ៍ដែរថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដោយមានការចាត់កម្លាំងសមត្ថកិច្ច និងក្រុមការងារប្រចាំការនៅតាមទីតាំងសំខាន់ៗ និងតាមរមណីយដ្ឋានទេសចរណ៍នានា។
លោករដ្ឋមន្ត្រីបន្តថា គ្រប់ផ្នែកពាក់ព័ន្ធ ពិសេសវិស័យឯកជនបានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យមានការដើរកម្សាន្តពេញលេញនាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ដែលបង្កើតជាឱកាស និងក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមអាជីវកម្មឡើងវិញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក៏បានអំពាវនាវឱ្យមានពលរដ្ឋនិង អាជ្ញាធរបង្កើនការយកចិត្តទុកដាក់ជាពិសេស មើលថែមនុស្សចាស់ក្នុងអំឡុងពេលដែលរដូវរងា នឹងចូលមកដល់នាពេលខាងមុខ ដោយថាដើម្បី ផ្តល់ភាពកក់ក្តៅ និងចូលរួមទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរដូវរងា។
សូមបញ្ជាក់ថា, ក្នុងសារសំឡេងពិសេសនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា តាមបទពិសោធន៍នៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺតែងតែ ឆ្លងរាលដាលច្រើនក្នុងពេលដែលផ្លាស់ប្តូរអាកាស ធាតុចូលរដូវរងា។ សម្តេចបានជំរុញឱ្យក្រុម គ្រួសារ អាជ្ញាធរ កាកបាទក្រហម សប្បុរសជន និងតាមទីវត្តអារ៉ាឱ្យជួយឧបត្ថម្ភជា អាវរងា ភួយ មុង ដល់ ជីដូនជីតា មាតាបិតា យាយជីតា តាជី ព្រះសង្ឃដែលមានវ័យចាស់ជរា ជាពិសេស មនុស្សចាស់ដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មាន លទ្ធភាពក្នុងការឆ្លើយតបនឹងរដូវរងា ក៏ដូចជាជំងឺ ឆ្លងនានាក្នុងរដូវរងាបាន។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា៖ «រដូវរងាបាននាំមក នូវជំងឺផ្សេងៗ ជាពិសេសផ្ដាសាយ។ ផ្ដាសាយក្នុងអំឡុងពេលកើតកូវីដនេះវាងាយនាំឱ្យមានការ ឆ្លងនូវជំងឺកូវីដពិតប្រាកដ។ ជារួមសារមួយនេះ អំពាវនាវដល់ពលរដ្ឋរបស់យើងឱ្យមានការយក ចិត្តទុកដាក់ការពារនូវសុខភាពក្នុងរដូវរំហើយនេះ ក្នុងដំណាក់កាលដែលប្រទេសរបស់យើងនៅមិន ទាន់បញ្ចប់នូវជំងឺកូវីដ-១៩ ដែលហានិភ័យ នៅមានខ្ពស់នៅឡើយ។ ប៉ុន្តែបើយើងមានការយក ចិត្តទុកដាក់ថែទាំសុខភាពគឺយើងនឹងឆ្លងកាត់បាន នូវដំណាក់កាលដែលនឹងត្រូវឆ្លងកាត់នៅរយៈ ពេលខ្លីខាងមុខនេះ» ៕
ដោយ : សិលា