ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពាក់ពន្ធនឹងករណី «ដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។
គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះបានដឹកជញ្ជូនគ្រឿងញៀនជិត២គីឡក្រាម ឆ្លងកាត់៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចហើយពេលចូលមកដល់ប្រទេសកម្ពុជាក៏ជាប់អន្ទាក់សមត្ថកិច្ចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
គួររំលឹកថា ពេលកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានោះ គឺបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រតិបត្តិការនេះគឺអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយនៅវេលាម៉ោងខាងលើកម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ទើបបង្រ្កាបបានករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយករណីនេះ។ ជាលទ្ធផលគឺឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែនលេខAB3676188 ។ ក្នុងនោះសមត្តកិច្ចចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទកូកាអុីន (COCAINE)ទម្ងន់សុទ្ធ១គីឡូក្រាម និង៩៨៩.១ក្រាម ដែលជនសង្ស័យបង្កប់លាក់នៅបាតវ៉ាលិស ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ៕ដោយ រ៉ារ៉ា