ក្រុងប៉ោយបែត : បើយោងតាមលោក ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់លើផេកផ្លូវការរបស់លោកថា, ព័ត៌មានបឋមអំពីករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត គឺលោកបានស្រង់សំដី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបញ្ជាក់ថា , ករណីផ្ទុះអាវុធនៅប៉ោយប៉ែតមុននេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្ករការអុកឡុក បង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តថា, ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមបង្ករទាំងនេះបាន ចំនួន១៥នាក់ និងកំពុងបន្តស្វែងរកតាមចាប់ខ្លួនបក្ខពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។
ដោយឡែក កម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា, ករណីកើតហេតុប្រហែលជាម៉ោង១កន្លះរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នូរកាំភ្លើងបានលាន់ឡើង មនុស្សប្រុស-ស្រី រត់ប្រសេចប្រសាច ស្លន់ស្លោ គេចពីគ្រោះថ្នាក់ ។ ប៉ុន្តែគេឃើញវត្តមាន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយផ្ទាល់ ចុះបើកប្រតិបត្តិការបង្ក្រាប គ្រប់គ្រងស្ថានការណ៍ បានទាន់ពេលវេលា ។
ចំពោះព័ត៌មានលម្អិត អង្គភាព “នគរដ្រេហ្គន” នឹងជម្រាបជូនតាមក្រោយបន្តទៀត ៕
ដោយ ,សិលា