ភ្នំពេញ៖ មនុស្សពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរហើយរកឃើញមានថ្នាំញៀន។ នេះបេីយោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលើក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថៃ្ងទី២១ ខែវិច្ឆិកា ឆាំ្ន២០២១ វេលាម៉ោង៩និង៣០នាទីយប់។
សមត្ថកិច្ចជំនាញបានបន្តថា ជនសង្ស័យមានឈ្មោះ សំ រ៉ាវុធ ហៅ វុធ ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះ មួន មុន្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងចាប់យក បានមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់ (កញ្ចប់ធំចំនួន ៧កញ្ចប់ និងកញ្ចប់តូច១កញ្ចប់) និងទូរស័ព្ទចំនួន២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ