ខេត្តស្វាយរៀង៖ ប្រជាកសិករធ្វើស្រែនៅខេត្តស្វាយរៀងប្រាប់ថា គាត់ធ្វើស្រែមិនសូវចំណេញឡើយដោយសារតែត្រូវចំណាយច្រើន ហើយតម្លៃស្រូវធ្លាក់ចុះនៅឆ្នាំនេះ។
ប្រជាពលរដ្ឋរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានឱ្យដឹងថា សព្វថ្ងៃពួកគាត់ប្រកបរបររកស៊ីធ្វើស្រែចម្ការ ហើយសម្រាប់ទិន្នផលស្រូវនៅឆ្នាំនេះពុំសូវទទួលបានផលដូចឆ្នាំសព្វមួយដងទេ ដោយសារមានស្មៅដុះច្រើនក្នុងស្រែ ហើយថែមទាំងតម្លៃស្រូវធ្លាក់ចុះទៀតនោះធ្វើឱ្យពួកគាត់បានត្រឹមតែម៉ាទប់ទល់និងក៏មានការខាតបង់ ខ្លះដែរ។ អ្នកខ្លះទៀតចំណេញបានបន្តិចបន្តួចតែប៉ុណ្ណោះ បើធៀបទៅនឹងការចំណាយទៅលើជី ប្រេង និងថ្នាំដែលទិញពីវៀតណាម គឺបានត្រឹមតែរួចខ្លួនឬខាតបង់ប៉ុណ្ណោះ។
ចំពោះឈ្មួញវៀតណាមវិញឱ្យតែដល់រដូវច្រូតកាត់ពួកគេតែងតែឡើងមកទិញស្រូវពីពលរដ្ឋខ្មែរនៅតាមព្រំដែន ហើយតម្លៃស្រូវវិញគឺតាមតែឈ្មួញវៀតណាមដាក់ឱ្យតែប៉ុណ្ណោះ ដោយសារយើងគ្មានទីផ្សារក្នុងស្រុក។ មួយវិញទៀតពលរដ្ឋពេលដែលធ្វើស្រែប្រាំងក៏ដូចជាស្រូវវស្សាតែងតែទៅជឿបន្ដាក់ជីគីមី ប្រេង ថ្នាំពីអាជីវករវៀតណាម លុះដល់ពេលប្រមូលផលស្រូវទើបទូទាត់សងគេវិញ។ ចំពោះអាជីវករខ្មែរគេមិនបន្តាក់ឱ្យនោះទេ ទាល់តែមានលុយទើបគេលក់ឱ្យយកទៅប្រើប្រាស់។
ប្រជាកសិករបន្តថា ចំពោះតម្លៃស្រូវវស្សានៅឆ្នាំនេះមួយគីឡូក្រាមបានតែ៧០០ទៅ ៨០០រៀលតែប៉ុណ្ណោះ ហើយទិន្នផលស្រូវក្នុងមួយហិកតាបានតែ២តោនទៅ ៣តោន។ ដូច្នេះការធ្វើស្រូវឆ្នាំនេះមិនសូវចំណេញទេ ដោយសារតែចំណាយទៅលើថ្លៃប្រេង ជី ថ្នាំសម្លាប់សត្វល្អិតដែលឡើងថ្លៃពេក។
ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរដែនដីក៏ដូចជាមន្ទីរដែលពាក់ព័ន្ធ សូមជួយកសាងប្រឡាយទឹកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ដើម្បីប្រើប្រាស់ផង ព្រោះសព្វថ្ងៃពួកគាត់បានជីកអណ្ដូងដើម្បីធ្វើស្រែប្រាំង ហើយទិញទឹកពីវៀតណាមយកមកប្រើប្រាស់ផងដែរ។មួយវិញទៀតក៏សូមស្នើឱ្យមានការទិញស្រូវពីពលរដ្ឋក្នុងស្រុកដើម្បីកុំឲ្យប្រជាពលរដ្ឋចំណាយច្រើននិងឈ្មួញវៀតណាមបានដៃពេកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានច្រកអន្តរជាតិព្រៃវល្លិដែលស្ថិតនៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងមានការនាំស្រូវទៅលក់នៅប្រទេសវៀតណាមតាមប្រឡាយទាហានស្ថិតក្នុងឃុំថ្មី ក្នុងមួយថ្ងៃមានរថយន្តប្រមាណជាង១ពាន់គ្រឿងនិងមានកាណូតឈ្មួញវៀតណាមឡើងមកទិញដល់ទឹកដីខ្មែរ។ ចំពោះតម្លៃស្រូវដែលវៀតណាមទិញពីឈ្មួញខ្មែរក្នុងមួយគីឡូក្រាមបានតម្លៃ ៩០០រៀលទៅ ១០០០ រៀលតាមប្រភេទស្រូវ។ ក្រុមអាជីករខ្មែរបានទិញស្រូវរបស់ប្រជាពលរដ្ឋ ពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ធំនិងខេត្តមួយចំនួនទៀតមកលក់នៅច្រកនេះ។
មួយវិញទៀតដោយសារច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានភាគីវៀតណាមមិនឱ្យនាំស្រូវចូលទៅលក់ក្នុងទឹកដីរបស់គេទេ ដោយគេអះអាងថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទើបក្រុមអាជីវករខ្មែរ បានសម្រុកនាំស្រូវទៅលក់នៅច្រកទ្វារអន្តរជាតិព្រៃវល្លិ ខេត្តស្វាយរៀងតែម្ដង៕
ដោយ៖ យឹម សុថាន