ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង របស់ជនត្រូវចោទ ដែលជាជនជាតិចិន៣នាក់ បន្ទាប់ពីកម្លាំង នគរបាលក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ «ពាក់ព័ន្ធការបង្ខាំងជនជាតិថៃចំនួន ៩៩ នាក់ ដើម្បីជម្រិតទារប្រាក់» បន្ទាប់ពីត្រូវបានមេខ្យល់បោកពួកគេមកធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញមួយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា បានបញ្ជាក់ថា ជនជាតិចិនចំនួន ៣នាក់ នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពី ពួកគេត្រូវបានសមត្ថកិច្ចរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងចំណោមជនជាតិចិនចំនួន ៧៧ នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ទៀតថា កាលពីថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិនមួយក្រុម នៅក្នុងផ្ទះ១ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះជនជាតិថៃបានសរុប ៩៩ នាក់ ក៏ប៉ុន្តែជនជាតិថៃទាំងនោះសុទ្ធតែចូលមកប្រទេសកម្ពុជា ដើម្បីបំពេញការងារដោយខុសច្បាប់។ ហេតុដូច្នេះសមត្ថកិច្ចជំនាញបានចាប់ខ្លួនពួកគេប្រគល់ឲ្យផ្នែកអន្តោប្រវេសន៍កម្ពុជា។
បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រងចាំការចោទប្រកាន់ នឹង បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕ដោយ៖រ៉ារ៉ា