បញ្ជូនខ្លួនជនជាតិចិន៣នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសបង្ខាំង​ជនជាតិ​ថៃ​ចំនួន​ ៩៩ នាក់ ​ដើម្បី​ជម្រិត​ទារប្រាក់(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង របស់ជនត្រូវចោទ ដែលជាជនជាតិចិន៣នាក់ បន្ទាប់ពីកម្លាំង នគរបាល​ក្រសួង​មហាផ្ទៃ ​​បញ្ជូន​ខ្លួនទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​«​ពាក់ព័ន្ធ​ការបង្ខាំង​ជនជាតិ​ថៃ​ចំនួន​ ៩៩ នាក់ ​ដើម្បី​ជម្រិត​ទារប្រាក់»​ បន្ទាប់ពី​ត្រូវបាន​មេ​ខ្យល់​បោក​ពួកគេ​មក​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​លក់​ផលិតផល​តាម​អនឡាញ​មួយ ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។

គួររំលឹកថា លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ នៅ​រសៀល​ថ្ងៃ​ទី ២១​ ខែវិច្ឆិកា​ បានបញ្ជាក់ថា ជនជាតិ​ចិន​ចំនួន​ ៣នាក់​ នឹង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី ពួកគេ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ក្នុង​ចំណោម​ជនជាតិ​ចិន​ចំនួន​ ៧៧ នាក់។

លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន បញ្ជាក់ទៀតថា ​កាលពី​ថ្ងៃ​ទី ១៨ ​វិច្ឆិកា ​ឆ្នាំ ២០២១ ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ​បានធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​ នៅ​ក្នុង​ផ្ទះ១​ ក្នុង​ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ហើយក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​រំដោះ​ជនជាតិ​ថៃ​បាន​សរុប ​៩៩ នាក់ ក៏ប៉ុន្តែ​ជនជាតិ​ថៃ​ទាំងនោះ​សុទ្ធតែ​ចូល​មក​ប្រទេស​កម្ពុជា ​ដើម្បី​បំពេញ​ការងារ​ដោយ​ខុស​ច្បាប់។ ហេតុ​ដូច្នេះ​​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ខ្លួនពួកគេប្រគល់ឲ្យផ្នែក​អន្តោប្រវេសន៍​កម្ពុជា។

បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រងចាំការចោទប្រកាន់ នឹង បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕ដោយ៖រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print