ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបញ្ជាក់ថា, (ស.ស.យ.ក) ចាប់បដិសន្ធិក្រោមបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមជាបន្តបន្ទាប់ក្នុងដំណើរស្វែងរកសុខសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានរងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍។
អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា បន្ទាប់ពីប្រទេសជាតិទទួលបាននូវសុខសន្ដិភាពពេញលេញ ស.ស.យ.ក.បានបន្តការងាររបស់ខ្លួនក្នុងសកម្មភាពសង្គម សប្បុរសធម៌ មនុស្សធម៌ ក្នុងបុព្វហេតុរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងភាពសុខដុមរមនារបស់សង្គមលើគ្រប់វិស័យ និងការកសាងអនាគតកម្ពុជាមួយប្រកបដោយភាពរុងរឿង និងកិត្យានុភាពជាតិ។ រយៈពេល ៤៣ ឆ្នាំនៃអត្ថិភាពរបស់ខ្លួន ស.ស.យ.ក. តែងតែផ្សារភ្ជាប់នឹងជាតិមាតុភូមិកម្ពុជានៅគ្រប់ដំណាក់កាល។
សមាជិក សមាជិកា ស.ស.យ.ក. តែងតែត្រៀមខ្លួនរួចជាស្រេច មិនថាកាលៈទេសៈណាក៏ដោយ ក្នុងការចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ដែលឆន្ទៈនេះ នឹងត្រូវឆ្លុះបញ្ចាំងក្នុងប្រធានបទនៃកម្មវិធីអបអរសាទរខួបទី៤៣ នៃកំណើតស.ស.យ.ក. នោះគឺ “ស.ស.យ.ក. ត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ”៕ ដោយ៖សុខ ខេមរា