ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតបន្តតំណែងជានាយករដ្ឋមន្ត្រី រហូតដល់មនុស្សម្នាក់ចប់ដង្ហើមនយោបាយសិន ទើបសម្ដេចត្រួតត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ សម្តេចតេជោ ហ៊ុនសែន ប្រកាសបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក្នុង ស្រុកក្រូចឆ្មារនៅព្រឹកនេះ។
សម្តេចតេជោបានថ្លែងថា ៖ «តម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចទទួលយកឱ្យបាត់សន្តិភាពប្រទេសទេ! ទោះអូសបន្លាយប៉ុន្មានឆ្នាំទៀតក៏ដោយឱ្យតែប្រជាជន បោះឆ្នោតឱ្យ។ ទុកឱ្យខ្ញុំលេងជាមួយពួកអាជ្រុលនិយម។ ខ្ញុំលេងលោកឯងឱ្យចប់សិនដើម្បីខ្ញុំត្រួសត្រាយផ្លូវ ដល់ក្មេងជំនាន់ក្រោយ»។
ទោះបីមិនបញ្ចេញឈ្មោះ តែសម្ដេចតេជោ ហាក់បីសំដៅ ទៅលើទណ្ឌិត សម រង្ស៊ី អាយុ៧៣ឆ្នាំ ដែលតែងតែងបង្ក បញ្ហា និងបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងការដឹកនាំ រដ្ឋាភិបាល ក៏ដូចជាបក្សប្រជាជនកម្ពុជា ប៉ុន្តែទណ្ឌិត សម រង្ស៊ី អត់បោះបង់មហិច្ឆតាទោះខ្លួនធ្លាក់ដល់បាត កែលេងរួច រឿងប្រឡូកនយោបាយ ដោយសារបំផ្លើសការពិតហួសព្រំដែននោះ ! ។
សម្ដេចតេជោបញ្ជាក់បន្ថែមថា៖ «អញ្ចឹងបានខ្ញុំនៅតែបន្ត នូវបេសកកម្មលុបបំបាត់នូវភាពជ្រុលនិយម របស់មនុស្ស មួយចំនួនដើម្បីធានានូវសន្តិភាពសម្រាប់កម្ពុជាអភិវឌ្ឍ នៅពេលអនាគត »។
នៅថ្ងៃនេះសម្តេចក៏បាននិយាយអំពីក្រុមប្រឆាំងនៅក្រៅ ប្រទេសដែលដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដែលប្រើប្រាស់ ព័ត៌មានថារដ្ឋាភិបាលអាមេរិកនឹងដកសញ្ជាតិអាមេរិក ពីអ្នកនៅគាំទ្ររដ្ឋាភិបាលកម្ពុជាដែលរស់នៅអាមេរិក។
សម្ដេចចាត់ទុកជារឿងដែលហួសចិត្ត និងជំរុញដល់អ្នក គាំទ្រគណបក្សប្រជាជននៅសហរដ្ឋអាមេរិកធ្វើការតវ៉ានិង សួរដល់ថ្នាក់ដឹកនាំក៏ដូចជាសភាអាមេរិកអំពីការលើក ឡើងនេះផងដែរ។
សម្តេចតេជោថា៖ «នាំគ្នាធ្វើបាតុកម្មនៅអាមេរិកមើលថា
ដកអត់ បើដកស្រួលវិចបង្វិចមក (កម្ពុជា)។ បើ
អាមេរិកដកសញ្ជាតិគ្រាន់តែប៉ុណ្ណឹង អាមេរិកមិនមែនជា
ប្រទេសប្រជាធិបតេយ្យទេ អ្នកខ្លះមិនមែនជាជនជាតិ
អាមេរិកទៅទៀតទៅគំរាមដកជាតិខ្មែរពីសញ្ជាតិអាមេរិក
ទៀត»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់ បច្ចុប្បន្ន។ សម្តេចត្រូវបានមហាសន្និបាតសន្តិភាព ពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០២១ ផ្ដល់មេដាយ មាសសន្តិភាព ដោយសារសម្តេចតេជោ បានដើរតួយ៉ាង សំខាន់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមាន សន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា, សម័យកូវីដ-១៩ ធ្វើឲ្យកម្ពុជាចំណាយថវិកាជាតិ ២៣០០លានដុល្លារ ស្មើនឹងការសាងសង់ស្ពានជាង២០ខ្សែ …!
សម្តេចតេជោ លើកឡើងថា, ការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាសម្រាប់ដោះស្រាយចំនួន ២៣០០លានដុល្លារអាមេរិក ដែលស្មើនឹងតម្លៃសាងសង់ស្ពានក្នុងកម្រិតខ្ពស់រហូតដល់ជាង២០ស្ពាន។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការសន្សំប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រុងទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមានទឹកប្រាក់រហូតដល់ជាង៤ពាន់លានដុល្លារ ដូចជាកសាងសង់ស្ពានតូចធំឆ្លងកាត់ព្រែក ស្ទឹង ទន្លេ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងធ្វើដំណើរ ប៉ុន្តែថវិកាសន្សំនោះត្រូវបានចំណាយអស់មួយចំនួនធំ ដោយសារតែវិបត្តិកូវីដ១៩ តម្រូវឲ្យរាជរដ្ឋាភិបាល ដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយ នៅត្រង់ថាអាកូវីដ១៩ វាបានស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា២០ស្ពាន គិតតម្លៃខ្ពស់ផង …! ខ្ញុំដាក់ផែនការឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការសន្សំសាច់ប្រាក់ ក្រោយពេលដែលយើងដក៤០០លានដុល្លារ ទិញម៉ាស៊ីនភ្លើងដាក់ក្បែរក្រុងភ្នំពេញ ដើម្បីការពារការខ្វះខាតអគ្គិសនី, ចំណោយលើការកសាងផ្លូវ នៅខេត្តព្រះសីហនុ ជិត៤០០លានដុល្លារ បន្ទាប់មកទៀតចំណាយលើការសាងសង់ផ្លូវនៅខេត្តសៀមរាបជិត២០០លានដុល្លារដែរ។ អីចឹងយើងចំណាយតែការវិនិយោគផ្ទាល់របស់យើង៣គម្រោងនេះ អស់ប្រមានជិត១០០០លានដុល្លារ យើងនៅសស់សាច់ប្រាក់សន្សំប្រមាណ៣៥០០លានដុល្លារទៀត គោលដៅរបស់ខ្ញុំហោចណាស់ប្រើ ២ភាគ៣ ដើម្បីសម្រុកលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការសាងសង់ស្ពានជាដើម។ ប៉ុន្តែមិននឹកស្ពានថា អាកូវីដ១៩ វាទទួលទានអស់២៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ អីចឹងធ្វើឲ្យយើងត្រូវបន្តស្នើសុំមិត្តចិនជួយបន្តទៀត»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងថា មិត្តចិន បានរួមចំ ណែកយ៉ាងច្រើនជួយដល់កម្ពុជា ក្នុងការកសាងសមិទ្ធផលជាច្រើន ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១Cផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនបានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ ហើយនៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។
សម្តេចតេជោ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) នេះជាស្ពានទី១០ ហើយ ដែលបានកើតឡើងក្រោមជំនួយហិរញ្ញប្បទានសម្បទានពីមិត្ត-ចិន។
ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដែលត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ នេះ គឺជាមិទ្ធផលថ្មីមួយ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងដរ។ ស្ពាននេះ មានប្រវែងជាងមួយពាន់ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ បានបើកការដ្ឋាន កាលពីខែកុម្ភៈ ឆ្នាំ២០១៨ និងត្រូវបានស្ថាបនារួចរាល់ក្នុងរយៈពេល៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចំណាយថវិកាអស់ជាង ៥៦លានដុល្លារអាមេរិក៕