ប្រភពព័ត៌មានពីវិមានប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ការនិយាយផ្ទាល់តាមកញ្ចក់ទូរទស្សន៌រវាងលោក ពូទីន នឹងប្រជាពលរដ្ឋត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ខាងមុខ។
ការពិភាក្សាផ្ទាល់នៅក្នុងឆ្នាំនេះគឺជាលើកទី១៤ ហើយការសន្ទនាជាលើកដំបូងគឺនៅខែមេសា ឆ្នាំ២០០១ ពេលនោះលោកពូទីនមានសំណួរពីពលរដ្ឋរហូតដល់៤សែនសំណួរ។ការសន្ទនាបែបនេះនឹងធ្វើឲ្យលោកពូទីនកាន់តែជិតស្និទ្ធនឹងប្រជាពលរដ្ឋហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋរុស្ស៊ីទាំងមូល។
នៅក្នុងឆ្នាំ២០១៥ មេដឹកនាំរុស្ស៊ីក៏បានឆ្លើយតបទៅបញ្ហាចំនួន៧៤ក្នុងនោះមាន៣សំនួរដែលពលរដ្ឋបានចោទសួរ។ ការសន្ទនាផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទទួលបានការទស្សនាពីពលរដ្ឋរហូតដល់ទៅ ៨៤លាននាក់ក្នុងរយៈពេល៣ម៉ោងនិង៥៧នាទី។
តាមបណ្តាញព័ត៌មានក្នុងស្រុកមានវិធីជាច្រើននៅក្នុងការសួរសំណួរដល់ប្រធានាធិបតី ពូទីន ក្នុងនោះអាចទូរស័ព្ទផ្ទាល់ទៅកាន់លោក ពូទីន ឬក៏ផ្ញើតាមអុីម៉ែល។
ក្នុងពេលសន្ទនាជាមួយពលរដ្ឋរុស្ស៊ីលោកពូទីនបានស្នើដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ត្រៀមលក្ខណៈឆ្លើយនៅសំណួរពេលដែលពលរដ្ឋបានចោទសួរពាក់ព័ន្ធនឹងស្ថាប័ននោះ។ លោកបានត្រៀមឯកសារគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងជាមួយប្រជាពលរដ្ឋដើម្បីបញ្ចប់ចម្ងល់របស់ពលរដ្ឋ។
សកម្មភាពរបស់លោក ពូទីន បានធ្វើឲ្យពលរដ្ឋមានការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងដោយពលរដ្ឋរុស្ស៊ីជាច្រើនបានចាត់ទុកលោកពូទីនគឺជាវីរបុរសរបស់រុស្ស៊ីនិងជាតំណាងជាតិទាំងមូលធ្វើឱ្យពលរដ្ឋរុស្ស៊ីភាគច្រើនពេញចិត្ដគាំទ្រទៅនឹងគោលនយោបាយដឹកនាំរបស់លោក។ ពលរដ្ឋរុស្ស៊ីមួយចំនួនធំក៏ចង់ឱ្យលោកបន្ដដឹកនាំប្រទេសរុស្ស៊ីក្នុងអាណត្ដិទី៤ជាបន្ដទៀតនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។
តាមលទ្ធផលស្ទាបស្ទង់មតិសាធារណៈបង្ហាញឱ្យឃើញថាចំនួនពលរដ្ឋរុស្ស៊ីគាំទ្រលោកពូទីនឱ្យធ្វើជាប្រធានាធិបតីក្នុងអាណត្ដិទី៤កើនឡើងរហូតដល់ទៅ៧៤ភាគរយគឺជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក។
សារព័ត៌មានរ៉យទ័របានដកស្រង់តួលេខពីអង្គការ VTSIOM បង្ហាញឱ្យឃើញថាពលរដ្ឋរុស្ស៊ីដល់ទៅ៧៤ភាគរយគាំទ្រលោកពូទីនកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្ដិទី៤ជាបន្ដទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។បច្ចុប្បន្នលោកពូទីនកំពុងតែកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្ដិទី៣។
នយោបាយរបស់លោពូទីននៅក្នុងប្រទេសអ៊ុយក្រែននិងនៅក្នុងប្រទេសស៊ីរីជាហេតុផលដែលជួយឱ្យមានការគាំទ្ររូបលោកកាន់តែខ្លាំងឡើងពិសេសគឺក្រុមយុវជនរុស្ស៊ីតែម្ដង។កាលពីឆ្នាំ២០១២ចំនួនពលរដ្ឋគាំទ្រលោកពូទីនមានតែ៤០ភាគរយប៉ុណ្ណោះ។
ចំណែកលទ្ធផលរបស់មជ្ឈមណ្ឌលស្ទង់មតិឯករាជ្យក៏មានលទ្ធផលដូចគ្នានោះដែរប៉ុន្ដែក្រុមអ្នកប្រឆាំងបញ្ជាក់ថាតួលេខខាងលើមិនមានតម្លាភាពនោះឡើយដោយសារតែធ្វើទៅលើអ្នកគាំទ្រខ្លួនប៉ុណ្ណោះមិនបានស្ទង់មតិក្រុមប្រឆាំងឡើយ។
កន្លងមកក៏មានការស្ទង់មតិទៅលើការដឹកនាំរបស់លោកពូទីនដោយមានពលរដ្ឋរហូតដល់ជិត៩០ភាគរយពេញចិត្ដនឹងការដឹកនាំរបស់លោកធ្វើឱ្យរុស្ស៊ីកាន់តែមានមុខមានមាត់នៅលើឆាកអន្ដរជាតិ។
តាមលទ្ធផលស្ទង់មតិរបស់មជ្ឈមណ្ឌលស្ទង់មតិរុស្ស៊ី VTSIOM បង្ហាញឱ្យឃើញថាចំនួនពលរដ្ឋរុស្ស៊ីគាំទ្រការដឹកនាំរបស់លោកពូទីនកើនឡើងរហូតដល់៨៩៩ភាគរយជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
បើប្រៀបធៀបនឹងការស្ទង់មតិការគាំទ្រមានចំនួនតិចជាងនេះប៉ុន្ដែក្រោយការបញ្ចេញកម្លាំងទាហានទៅវាយប្រហារក្រុមភេរវកម្មអ៊ិស្លាមបង្កើតរដ្ឋលោកពូទីនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋរុស្ស៊ី។
ទីក្រុងមូស្គូបានប្រកាសថាយុទ្ធនាការវាយប្រហារខាងលើគឺសំដៅទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋតែប៉ុណ្ណោះ។ ប៉ុន្ដែលោកខាងលិចបាននិយាយថាគោលដៅវាយប្រហារខាងលើគឺសំដៅទៅលើក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរីនិងពង្រឹងអំណាចរបស់ប្រធានាធិបតីស៊ីរីលោកអាល់អាសាដដែលជាសម្ពន្ធមិត្ដរបស់រុស្ស៊ីជាច្រើនជំនាន់មកហើយ។
តាមការប្រកាសរបស់ VTSIOM បានឱ្យដឹងថាក្រោយពេលដែលយុទ្ធនាការវាយប្រហារទទួលបានជោគជ័យនោះចំនួនពលរដ្ឋរុស្ស៊ីគាំទ្រលោកពូទីនកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមកទេ។
លោកពូទីនបានថ្លែងសុន្ទរកថា មានឈ្មោះថាសង្គ្រាមនិងសន្ដិភាពនៅក្នុងវេទិកាមួយនៅក្រុង Sochi ប្រទេសរុស្ស៊ី។កាលពីថ្ងៃទី២០ ខែតុលា កន្លងមកលោកពូទីនបានទទួលស្វាគមន៍ប្រធានាធិបតីអាល់អាសាដដែលមកបំពេញទស្សនកិច្ចនៅរុស្ស៊ីដោយគ្មានការព្រាងទុកជាមុនធ្វើឱ្យក្រុមចារកម្មលោកខាងលិចមិនបានដឹងពីដំណើរទស្សនកិច្ចនោះឡើយ។
អ្វីដែលលោកពូទីនព្រួយបារម្ភនាពេលនេះគឺពលរដ្ឋរុស្ស៊ីបានទៅកាន់អាមេរិកអឺរ៉ុបកើនឡើងខ្ពស់។ ពេលថ្មីៗនេះលោកពូទីនបានចាត់ទុកអង្គការបរទេសកំពុងតែធ្វើសកម្មភាពដូចជាម៉ាស៊ីនបូមធូលីបូមអ្នកមានប្រាក់រុស្ស៊ីទៅក្រៅប្រទេសឱ្យអស់។តាមតួលេខរបស់រដ្ឋាភិបាលរុស្ស៊ីបានឱ្យដឹងថាពលរដ្ឋរុស្ស៊ីទៅក្រៅប្រទេសកើនឡើងខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ក្រៅពីពលរដ្ឋរុស្ស៊ី១ភាគ៤លាននាក់ផ្ដល់ទិដ្ឋាការទៅកាន់អាមេរិកកាលពីឆ្នាំកន្លងទៅនៅមានពលរដ្ឋ៧៥៣០០នាក់ទៀតបានទៅរស់នៅក្នុងតំបន់អឺរ៉ុបគឺកើនឡើង២៥ភាគរយប្រៀបធៀបនឹងឆ្នាំ២០១០។
ក្រសួងការបរទេសអាមេរិកក៏បានឱ្យដឹងផងដែរថាពលរដ្ឋរុស្ស៊ីបានដាក់លិខិតសុំទៅរស់នៅអាមេរិកកើនឡើងខ្ពស់គឺមានចំនួនដល់ទៅ២៦៥,០៨៦នាក់នៅក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី