ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រហែលជាង១០០នាក់បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តស្ទឹងត្រែងដើម្បីអោយលោកអភិបាលខេត្ត ជួយដោះស្រាយសំណងការខូចខាតអស់ទ្រព្យដោយសារអគ្គីភ័យលេបត្របាក់តូបរបស់ពួកគាត់ឲ្យខាតបង់តែមួយពព្រិចភ្នែកនាយប់ថ្ងៃទី៧ ខែមេសា កន្លងទៅ និងជួយផ្តល់ភាពយុត្តិធម៌រកឲ្យឃើញពីមូលហេតុបង្កឲ្យមានអគ្គិភ័យឆាបឆេះ ជាពិសេសពួកគាត់ ស្នើដល់អាជ្ញាធររកកន្លែងលក់ថ្មីបណ្តោះអាសន្ននៅលើសួនច្បារ។
ក្រុមអាជីវករស្នើសុំលក់នៅកន្លែងផ្សារចាស់ក្រុងស្ទឹងត្រែងវិញ ពេលធ្វើការបោសសំអាតកាកសំណល់និងកម្ទេចកម្ទីសំណល់ពីអគ្គិភ័យនេះរួច និងសុំធ្វើតូបនៅកន្លែងចាស់លក់ដដែលវិញរៀងៗខ្លួន។
តាមការបកស្រាយពីអ្នកនាំពាក្យរបស់សាលាខេត្ត លោកម៉ែន គង់ បានឲ្យដឹងថាៈ គាត់នឹងយកពាក្យសំដីនិងសំណើរបស់អាជីរកររាយការណ៍ជូនលោកអភិបាលនៃគណៈអភិបាលខេត្ត និងផ្តល់ដំណឹងឆ្លើយតបតាមក្រោយ តែពេលនេះអនុញាតិឲ្យលក់នៅលើសួនច្បារសិនចុះជាបណ្តោះអាសន្ន។
សូមបញ្ជាក់ផងដែរថាអាជីវកទាំងនោះគាត់មានបំណងចង់ជួបលោកឧកញ៉ា សាលៀងជាអ្នកម៉ៅការវិនិយោគផ្សារ និងប្រធានផ្សារលោក ម៉ុម យ៉ុង ដែលធ្លាប់បានសន្យាថា បើមានគ្រោះអាសន្នដោយថាហេតុណាមួយនោះគាត់នឹងសងវិញតែមកដល់ពេលនេះមិនឃើញអ្នកទាំងនោះចេញមុខមកស្រាយបំភ្លឺដល់ពួកគាត់ឡើយ។
ពួកគាត់ដាក់ភាពសង្ស័យថា ក្រុមអ្នកវិនិយោគអាចនឹងមានចេតនាណាមួយឲ្យផ្សារនេះឆាបឆេះដើម្បីសាងសង់តូបថ្មីលក់ឲ្យអាជីវករ តាមរូបភាពក្រុមហ៊ុនវិនិយោគ?៕
ដោយ៖ មាស សុផាត