ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីសារទុកនូវគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែល បន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ នៅចំណុចភូមិថ្មី ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
សូមជម្រាបថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖
ទី១-ឈ្មោះ សៅ ដារ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ ។
ទី២-ឈ្មោះ គឹង ធា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
និងទី៣-ឈ្មោះ ជា សៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន ១៥កញ្ចប់ ។
-ទូរសព្ទ័ ចំនួន ០៤គ្រឿង ។
-ម៉ូតូ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីកអនុវត្ដនីតិវិធី ៕
ដោយ៖សហការី