លោក ឯម ច័ន្ទមករា៖ ចលនាសហគមន៍មានសារៈសំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ដ្រីនិងក្មេងស្រីមានពិការភាព

ចែករំលែក៖

ភ្នំពេញ : រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថា អំពើហិង្សាលើស្ត្រី និងក្មេងស្រីមានពិការភាពគឺជាកង្វល់របស់ពិភពលោក ដែលត្រូវការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្គមដើម្បីលុបបំបាត់បញ្ហានេះ។

ថ្លែងក្នុងកិច្ចពិភាក្សាអន្តរជាតិស្ដីពី «គំរូអនុវត្តន៍ល្អក្នុងការកៀរគរសហគមន៍ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាពនៅក្នុងប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា ស្ត្រីនិងក្មេងស្រីមានពិការភាពបានស្ថិតក្នុងការប្រសព្វនៃវិសមភាពយេនឌ័រនិងពិការភាពដែលធ្វើឱ្យពួកគេងាយរងគ្រោះទៅនឹងអំពើហិង្សាដោយផ្អែកលើភេទ (GBV)។ លោកបន្ថែមថា បញ្ហានេះបានជះផលអវិជ្ជមានខាងសេដ្ឋកិច្ច សង្គម និងសុខភាព សម្រាប់ស្ត្រីនិងក្រុមគ្រួសាររបស់ពួកគេផងដែរ។

លោកថា៖ «ក្មេងស្រីមានពិការភាពដែលឃើញអំពើហិង្សាក្នុងគ្រួសារ ត្រូវបានគេរកឃើញថាមានការកើនឡើងនូវហានិភ័យនៃបញ្ហាផ្លូវចិត្តនិងអាកប្បកិរិយា ការថយចុះអត្រារស់រានមានជីវិតរបស់កុមារនិងការកើនឡើងនៃភាពងាយរងគ្រោះ រួមទាំងលទ្ធភាពក្លាយជាជនរងគ្រោះឬជនល្មើសពេលពេញវ័យ» ។

លោកបន្ថែមថា ការបង្កើនទំនុកចិត្តក្នុងគ្រួសារនិងសង្គមដល់ស្ត្រីនិងក្មេងស្រីមានពិការភាពដែលរងគ្រោះដោយអំពើហិង្សា គឺជាកាលានុវត្តភាពដែលធ្វើឱ្យប្រសើរឡើងនូវការបង្កើនការចូលរួមជីវិតក្នុងសហគមន៍ វឌ្ឍនភាព និងការអភិវឌ្ឍសហគមន៍។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជនពិការរូបនេះ បានបន្ថែមថា ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យស្ត្រីនិងក្មេងស្រីពិការរងនូវផលប៉ះពាល់ខ្លាំងបំផុតពីជំងឺ និងអំពើហិង្សា ដែលចាំបាច់បំផុតក្នុងការធ្វើការជាមួយសហគមន៍ដើម្បីទប់ស្កាត់អំពើហិង្សាទាំងនេះសំខាន់ជាងពេលណាៗទាំងអស់។

លោកបន្ថែមទៀតថា៖ «ពេលនេះគឺយើងត្រូវការការសម្របសម្រួលខ្លាំងរវាងតួអង្គអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការជនពិការ (OPDs) និងសេវាកម្មរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះជាមួយគ្នា» ។

នាយិការអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោកស្រី ស៊ិន ពុធធារី បានលើកឡើងថាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធគឺជាការការចូលរួមដ៏ល្អបំផុតក្នុងការទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងក្មេងស្រីមានពិការភាព។ លោកស្រីបន្ថែមថា ស្ត្រីនិងក្មេងស្រីគួរតែជាអទិភាពខ្ពស់នៅពីក្រោយការអភិវឌ្ឍន៍នៅគ្រប់ស្ថានភាព។

លោកស្រីថា៖ «ក្នុងនាម CCC និងខ្លួនខ្ញុំសូមស្វាគមន៍ចំពោះគោលនយោបាយកំណែទម្រង់ដែលរដ្ឋាភិបាលអនុវត្តជាពិសេស ស្តីពីការកាត់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារីនៅកម្ពុជា» ។

កិច្ចពិភាក្សាអន្តរជាតិស្ដីពី «គំរូអនុវត្តន៍ល្អក្នុងការកៀរគរសហគមន៍ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាពនៅក្នុងប្រទេសកម្ពុជា» ត្រូវបានរៀបចំដោយអង្គការអេឌីឌីអន្តរជាតិ និងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដោយមានការចូលរួមពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី អង្គការមិនមែនរដ្ឋាភិបាល និងអង្គការតំបន់មួយចំនួនផងដែរ។

នាយកប្រចាំប្រទេសរបស់អង្គការអេឌីឌីអន្តរជាតិប្រចាំនៅកម្ពុជាលោក លន់ បូរិទ្ធី បានលើកឡើងថាអង្គការលោករកឃើញថា ស្ត្រីពិការម្នាក់ក្នុងចំណោម៥នាក់ក្នុងប្រទេសកម្ពុជាទទួលរងនូវអំពើហិង្សានិងការបៀតបៀនផ្លូវភេទ ច្រើនជាងក្មេងស្រីទូទៅនិងស្ត្រីដែលគ្មានពិការភាព ដែលត្រូវការធាតុចូលសំខាន់ពីអ្នកពាក់ព័ន្ធនឹងចលនាសហគមន៍ដើម្បីលុបបំបាត់នូវបញ្ហាទាំងនេះ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print