ភ្នំពេញ : នៅព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Derek Cholet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបានពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយ កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅលើគន្លង ត្រឹមត្រូវ និងរីកចម្រើនលូតលាស់លើវិស័យជាច្រើនរួមមាន ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្មថែរក្សាសន្តិភាព ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ក្នុងពេលសង្គ្រាម ការធ្វើមាតុភូមិនិវត្តជនជាតិខ្មែរពីសហរដ្ឋអាមេរិក និងអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps។ ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនានា លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមចង់ឃើញការចូលរួមប្រកបដោយ ស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្ត ចំពោះគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហ ប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
ចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា លោក ប្រាក់ សុខុន បានជម្រាប លោក Chollet អំពីអាទិភាពដែលកម្ពុជាបានកំណត់សម្រាប់ឆ្នាំក្រោយ និងបញ្ហាប្រឈមដែលត្រូវ ដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមជ្ឈភាពនិងភាពធន់របស់អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងនិងក្រៅតំបន់ អាស៊ីអាគ្នេយ៍។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពអាស៊ាន និងភាពជោគជ័យរបស់កម្ពុជាក្នុងតួនាទីជា ប្រធានអាស៊ាន ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈ អំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល។ …៕