នៅថ្ងៃទី២៤ខែវិច្ឆិកា សិង្ហបុរីនិងម៉ាឡេស៊ី បានប្រកាសថា នៅសប្តាហ៍ខាងមុខនឹងបើកផ្លូវគោកសម្រាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ឆ្លងដែនដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ គម្រោង នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២៩ខែវិច្ឆិកាខាងមុខ។ ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ថា វិស័យទេសចរណ៍តាមផ្លូវគោកនឹងអនុវត្តទៅលើពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយអនុញ្ញាតឱ្យទៅសួរសុខទុក្ខ ទៅលេងសាច់ញាតិបានផងដែរ ។ សិង្ហបុរីមានពលរដ្ឋប្រមាណ ៥,៤៥លាននាក់តែប៉ុណ្ណោះ ហើយប្រទេសនេះពឹងផ្អែកយ៉ាងច្រើនទៅលើពលរដ្ឋដែលរស់នៅក្នុងរដ្ឋ Johor ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីដើម្បីបម្រើការងារនៅក្នុងប្រទេសសិង្ហបុរី ដូចជាវិស័យ ភោជនីយដ្ឋាន ការផលិតជាដើម។ ពលរដ្ឋម៉ាឡេស៊ីមានទម្លាប់ធ្វើដំណើរចុះឡើងតាមព្រំដែនគោកប្រទេសទាំងពីរ មុនពេលផ្ទុះកូវីដ -១៩ ។ កន្លងមកប្រទេសទាំងពីរបានបើកព្រំដែនអាកាស ដោយអនុញ្ញាតឱ្យអ្នកដំណើរតាមយន្តហោះមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយឱ្យតែចាក់វ៉ាក់សាំងរួចនិងធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ ក្នុងពេលនេះដែរប្រទេសក្នុងតំបន់អាស៊ាន បាននាំគ្នាបើកព្រំដែនសម្រាប់វិស័យទេសចរណ៍ ហើយអ្នកទេសចរបរទេសមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយឱ្យតែចាក់វ៉ាក់សាំងរួចរាល់ ក៏ដូចជាធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ នេះជាវិធានការរស់នៅជាមួយកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពសម្រាប់ប្រទេសក្នុងតំបន់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩ ៕ ដោយសាធី
រូបថត៖AFP/TTXVN.
រូបថត៖Media corp.