ភ្នំពេញ : នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា :
(គ.ជ.ប)ដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដ “NEC KH គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតថា ដើម្បីឱ្យប្រជាពលរដ្ឋ អាចតាមដាន និងស្វែងយល់អំពីការងារបោះឆ្នោតបានទូលំទូលាយ គ.ជ.ប បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃឈ្មោះថា «NECKH» ចាប់ពីពេលនេះតទៅ។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដែលជំនួសឱ្យកម្មវិធីចាស់ -Voterlist KH និងចូលមើលអត្ថបទ កម្រងឯកសារ រូបភាព វីដេអូផ្សេងៗ ដែល គ.ជ.ប ផលិតឡើងដើម្បី ផ្សព្វផ្សាយ និងអប់រំបណ្តុះបណ្តាលអ្នកបោះឆ្នោត។
ដើម្បីទាញយកកម្មវិធីនេះ សាធារណជនអាចចូលទៅកាន់ Google Play សម្រាប់ទូរស័ព្ទបើ ប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែង រកពាក្យ «NEC KH» រួចធ្វើការដំឡើងជាការស្រេច។
ក្នុងជំហានជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ កាន់តែមានភាពពេញលេញ និងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងបន្តអភិវឌ្ឍន៍កម្មវិធីឱ្យរឹតតែប្រសើរឡើង។ បន្ទាប់ ពីអភិវឌ្ឍន៍កម្មវិធីនេះរួចរាល់ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីស្វែងរកបញ្ជីទីតាំង ការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតបន្ថែមទៀត។
សូមជម្រាបជូនថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ NECKH» នេះ គឺធ្វើឡើងស្របពេល ដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននិងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ចាប់ពី ថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១២៕