ភ្នំពេញ៖ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីគុណតម្លៃនៃសារព័ត៌មាន ភាពទាន់ហេតុការណ៍ និងបញ្ហានៃព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចំរើននៃ បច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយសហសម័យដែលបង្ក លក្ខណៈងាយស្រួលនូវការបង្កើតព័ត៌មានបោកប្រាស់ និងប្រឌិត។ លោកបន្ថែមថា មិនត្រូវព្រងើយកន្តើយលើ ព័ត៌មានក្លែងក្លាយនោះទេ ដោយថាវាមានឥទ្ធិពលបង្ករឱ្យ សង្គមបែកបាក់ មានអំពើហិង្សា ប៉ះពាល់ដល់សន្តិសុខ សន្តិភាពរបស់ប្រទេស។
លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាមិនបណ្ដែតបណ្ដោយឱ្យមានករណី នេះកើតមាននោះទេដោយលើកយកប្រសាសន៍របស់ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅដើម ដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅកម្ពុជាថា «កូវីដ-១៩គឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ វាសាហាវជាងជំងឺកូវីដ-១៩ទៅទៀត» ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថែមទៀតថា កម្ពុជាបានបង្កើត គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដែលធ្វើការផ្តល់ ព័ត៌មានពិតដល់សាធារណជន ផ្ទៀងផ្ទាត់ប្រភព និងថែម ទាំងមានវិធានការផ្លូវច្បាប់ត្រលប់វិញនៅពេលចាំបាច់ ផងដែរ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថាភាពជាអ្នកដឹកនាំដ៏ រឹងមាំ ការងារជាក្រុម និងកិច្ចសហប្រតិបត្តិការនឹងដើរតួ ជាវិធីសាស្ត្រដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការ កាត់បន្ថយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ លោក ជំរុញដល់ទ្វីបអឺរ៉ុបនិងអាស៊ីឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយជឿជាក់ថាកិច្ច ខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរួមគ្នាដែលធ្វើឡើងដើម្បី ទប់ទល់នឹងការរីករាលដាលរបស់វាគឺជាវិធីត្រឹមត្រូវឆ្ពោះ ទៅថ្ងៃអនាគតទាំងអស់គ្នា។
វេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ (ASEFERT10) បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដែលជា ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងតាមរយៈសន្និសីទវីដេអូនិម្មិត អនឡាញដោយមានការ ចូលរួមពីអ្នកនិពន្ធ និងអ្នកសារព័ត៌មានទូទាំងអាស៊ី និង អឺរ៉ុប ដែលតំណាងឱ្យស្ថាប័នព័ត៌មាន និងប្រទេសរៀងៗ ខ្លួន។ មានប្រទេសនិងអង្កការតំបន់ប្រមាណ៥១ដែល បានចូលរួមក្នុងកិច្ចប្រជុំនេះ។
អ្នកកាសែតជើងចាស់ ពោពេញដោយបទពិសោធន៏ផ្នែកវិជ្ជាជីវៈ លោក ពុយ គា បានថ្លែងថា, អ្នកសារព័ត៌មានជាន់ខ្ពស់និងនិពន្ធនាយកសារព័ត៌មានឆ្លងទ្វីប (អាស៊ីនិងអឺរ៉ុប) បានជជែកគ្នារយៈពេល២ថ្ងៃពីបញ្ហាប្រឈមនិងឱកាស ក្នុងនោះរួមមានព័ត៌មានក្លែងក្លាយ របៀបធ្វើការរបស់អ្នកសារព័ត៌មានជាមួយរដ្ឋាភិបាល អ្នកសារព័ត៌មានអាជីពនិងអ្នកសារព័ត៌មានប្រជាពលរដ្ឋ។ តួនាទីសារព័ត៌មាននៃទ្វីបទាំងពីរ (51ប្រទេស) មានសារៈសំខាន់ណាស់ ព្រោះប្រជាពលរដ្ឋទាំងពីរទ្វីបបូកបញ្ចូលគ្នាមានរហូតដល់ទៅ៥ពាន់លាននាក់ក្នុងចំណោម ប្រជាពលរដ្ឋ៧.៩ពាន់លាននាក់នៅទូទាំងពិភពលោក។
លោកបន្តថា, តំណាងឲ្យអ្នកសារព័ត៌មានកម្ពុជា ខ្ញុំបានចូលរួមចែករំលែកនូវបទពិសោធន៍មួយចំនួនដែលជាបញ្ហាប្រឈមនិងឱកាសរបស់អ្នកសារព័ត៌មាននៅក្នុងបរិបទរបស់ប្រទេសកម្ពុជា និងមួយចំណែកទៀតនៅក្នុងតំបន់អាស៊ាន៕