ភ្នំពេញ , សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដោយមានរបៀបវារចំនួន ៧ ។
សូមបញ្ជាក់ថា, របៀបវារៈទំាង៧មាន:
ទី១/- ការសម្រេចសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។
ទី២ /-ការបោះឆ្នោតជ្រើសតាំង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។
ទី៣ /-ការបោះឆ្នោត ជ្រើសតាំងលោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
របៀបវារៈទី៤/- ការបោះឆ្នោតទុកចិត្ត លោកស្រី សោម គីមសួគ៌ ជាអគ្គសវនករ ឯកឧត្តម សួន សិទ្ធី ជាអគ្គសវនកររង លោក អ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់បន្តអាណត្តិថ្មី ៥ឆ្នាំ។
ចំណែករបៀបវារៈ៣ទៀតមាន ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពី សេចក្តីព្រាងច្បាប់នេះនូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតូច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជានិង រដ្ឋសមាជិកផ្សេងទៀតក្នុងក្របខណ្ឌអាស៊ាន។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានបង្ហាញពីការចូលរួមចំណែកដ៍សំខាន់របស់កម្ពុជាក្នុងការពង្រឹងយន្តការដោះស្រាយវិវាទ ក្នុងក្របខណ្ឌអាស៊ាន ផងដែរ។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ វិញ ជាសេចក្តីព្រាងច្បាប់មួយដែលនឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលនៅក្នុងការដំណើរការអភិវឌ្ឍប្រទេសជាតិបន្តទៀត ពិសេសការស្តារកិច្ចសង្គម សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក៍ដូចជាដើម្បីសម្រេចឲ្យខាងតែបាននូវ អាទិភាពគោលនយោបាយសំខាន់ៗជាសារវ័ន្ត នៃកម្មវិធីនយោ បាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញល្បឿននៃការអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យរបស់រាជរដ្ឋានីតិកាលទី៦ នៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ជាឧបករណ៍គោលនយោបាយ ដ៍មានប្រសិទ្ធភាពដែលបានជួយរាជរដ្ឋាភិបាលឲ្យសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តរបស់ជាតិពិសេសគឺអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមនិងហានិភ័យនានា៕
ដោយ : សុខ ខេមរា