ខេត្តកំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលគេចែករំលែកព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក។
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖បន្ទាប់ពីកិច្ចស៊ើបអង្កេតនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ដោយបំពេញត្រឹមត្រូវតាមនីតិវិធី ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៦ និងសំណុំរឿងត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន បំពេញបន្ថែមដោយបន្តស្តាប់យកចម្លើយ ពីជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ដោយមានវត្តមានរបស់មេធាវី និង ភ្នាក់ងារសង្គមកិច្ច តាមវិធាននីតិវិធីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន។ បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយលើជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ហៅ អាលាន និងពិនិត្យលើឯកសារភស្តុតាងនានាតាមនីតិវិធីចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូង រខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ម៉ាប់ កំសត់ ហៅ អាលានតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យ ស៊ើបសួរ លេខ ៦៦៥ អ.យ.ខ/២១ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ទៅចំពោះមុខយុត្តាធិការស៊ើបសួរ ក្រោមបទចោទ ប្រកាន់ “បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥៣នាទី ល្ងាច បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក កម្ពុជា។ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរខាងលើនេះ តំណាងអយ្យការក៏បានស្នើឱ្យចៅក្រមស៊ើបសួរដាក់ឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ , សិលា