សហរដ្ឋអាមេរិក៖ ក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី២៤ខែវិច្ឆិកា បានប្រកាសថា ស.រ.អា.បានដាក់បញ្ជូលក្រុមហ៊ុនចិនចំនួន១២ទៀតនៅក្នុងបញ្ជីខ្មៅ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្ទុយពីផលប្រយោជន៍ និងសន្តិសុខជាតិអាមេរិក ។ ក្នុងចំណោមក្រុមហ៊ុនដែលអាមេរិកដាក់ក្នុងបញ្ជីខ្មៅគឺមានក្រុមហ៊ុនដែលជួយដល់កម្មវិធីបរមាណូរបស់ប្រទេសប៉ាគីស្ថាន ។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបានបញ្ជាក់ថា ក្រុមហ៊ុនចិនបានផ្គត់ផ្គង់កម្មវិធីប្រឆាំងការបំបាំងកាយប្រឆាំងនឹងនាវាមុជទឹក ក៏ដូចជាថាមពលបំបែកកូដនិងបង្កើតកូដដែលមិនអាចបំបែកបានរបស់កម្លាំងទាហានចិន។ ដោយសារតែមានឈ្មោះនៅក្នុងបញ្ជី Entity List ក្រុមហ៊ុនរបស់ចិនមិនអាចសហការជាមួយក្រុមហ៊ុនអាមេរិកបានឡើយ។ ចំណែកក្រុមហ៊ុនអាមេរិកគឺត្រូវតែសុំច្បាប់ពីក្រសួងពាណិជ្ជកម្មទើបអាចរកស៊ីជាមួយក្រុមហ៊ុនចិនបាន។ បញ្ជីEntity List បានពង្រីកតាំងពីសម័យអតីតប្រធានាធិបតីដូណាល់ត្រាំ ហើយមកដល់រដ្ឋកាលរបស់ប្រធានាធិបតី ចូ បៃឌិន នៅតែពង្រីកដដែល ។ ភាគច្រើនក្រុមហ៊ុនចិនស្ថិតនៅក្នុងបញ្ជីនេះគឺជាក្រុមហ៊ុនអេឡិត្រូនិក អាកាសចរណ៍ បច្ចេកវិទ្យា…។ ការដាក់បញ្ចូលក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត ខណៈកំពុងប្រឈមមុខតានតឹងដោយសារតែបញ្ហាកោះតៃវ៉ាន់ ដែលអាមេរិកបានគាំទ្រដល់កោះនេះបំពានច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង៕ ដោយសាធី
រូបថត៖ Bloomberg.