ស៊ុក សុភា ពោលពាក្យរំជួលចិត្តទាំងនេះក្នុងថ្ងៃខួបកំណើតកូនប្រុសបណ្តូលចិត្ត

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល៣ខែហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងអតីតារាសម្តែង លោក ស៊ុក សុភា និងអ្នកនាង សារីណា ត្រូវបានបែកខ្ចរខ្ចាយពេញបណ្តាញសង្គម និងបង្កើតឲ្យមានការភ្ញាក់ផ្អើល។ មានការចាប់អារម្មណ៍ថ្មីទៀតហើយទៅលើអតីតតារាសម្តែង លោកស៊ុក សុភា គឺក្រោយពីលោក បានបញ្ចេញរូបថត និងពាក្យក្នុងចិត្តប៉ុន្មានឃ្លានៅលើបណ្តាញសង្គមហ្វេស៊ុកនៅថ្ងៃខួបកំណើតកូនប្រុសគម្រប់វ័យ៧ឆ្នាំ។
ពេលនេះលោកកំពុងស្នាក់នៅប្រទេសកម្ពុជា ខណៈដែលកូនប្រុសកំពុងរស់នៅក្នុងប្រទេសប្រទេសអូស្តាលីជាមួយអតីតភរិយា ។ នៅលើបណ្តាញសង្គមរបស់តារាប្រុសរូបនេះបានលើកឡើងថា “រីករាយថ្ងៃខួបកំណើតកូនប្រុសមាសឪពុក រូបថតឆ្នាំមុន ផុសឆ្នាំនេះ ឆ្នាំនេះរងចាំមើលឆ្នាំក្រោយទៀត”។ ក្នុងរូបថតអនុស្សាវរីយ៍ក្នុងពិធីខួបកំណើតគម្រប់៦ឆ្នាំរបស់កូនប្រុសកាលពីឆ្នាំមុនគឺជាការជួបជុំក្រុមគ្រួសារមួយដ៏មានសុភមង្គលក្នុងនោះក៏មានវត្តមានកូនៗប្រុសស្រី និងអតីតភារិយា អ្នកនាង លុយ សារីណាផងដែរ។ តាមរយៈរូបថត និងសារនេះបានធ្វើឲ្យអ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈថ្លែងក្តីអាណិត និងផ្ញើសារលើកទឹកចិត្តទៅកាន់លោកគ្រប់ៗគ្នា ព្រោះតែគេដឹងថាទឹកចិត្តឪពុកដែលឃ្លាតឆ្ងាយពីកូនៗជាទីស្រលាញ់ស្មើជីវិត និងមិនអាចចូលរួមរីករាយថ្ងៃពិសេសរបស់កូនបានគឺពិតជាពិបាកចិត្ត ស្របពេលដែលដំណឹងនៃការវិលជួបជុំគ្នាវិញរវាងអ្នកទាំងពីរនៅតែមិនទាន់ឃើញពន្លឺ។ គេក៏បានឃើញសារមួយចំនួននៅតែបន្តស្នើឲ្យពួគគេសម្របសម្រួល និងវិលជួបជុំគ្នាវិញក្រោយពីជួបរឿងរ៉ាវចម្រូងចម្រាសអស់ជាច្រើនសប្តាហ៍។ ក្នុងរយៈពេលនេះពួកគេបានរក្សាភាពស្ងប់ស្ងាត់ដោយមិនបានបញ្ចេញសារដែលជាសញ្ញានៃការកាន់តែធ្វើឲ្យចំណងស្នេហារបស់ពួកគេប្រែជាសត្រូវដូចគូស្នេហ៍មួយចំនួននោះទេ។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី២៦ខែសីហាឆ្នាំ ២០២១កន្លងទៅនេះមានការភ្ញាក់ផ្អើលពេញចង្កោមអ្នកសិល្បៈ ក្រោយពីអ្នកនាង សារីណា បានប្រកាសអំពីការលែងលះគ្នាជាមួយស្វាមី ដែលគេស្គាល់ថាជាតារាសម្តែង លោក ស៊ុក សុភា ។ ចំណងស្នេហ៍អ្នកសិល្បៈដូចគ្នាដែលកំពុងរស់នៅលើកទឹកដីនៃប្រទេសអូស្ត្រាលី ដែលមានអាយុកាលជិត១ទសវត្សរ៍នេះ បានដើរដល់ផ្លូវទាល់ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៥នាក់។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមិនគួរឲ្យជឿនោះទេព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមខ្លាំងស្មើដៃគ្នានោះ។នាងសារីណាធ្លាប់បានបញ្ជាក់មូលហេតុនៃការលែងលះគ្នានេះ គឺកើតឡើងពីភាគីលោក សុភា ដែលជាស្វាមី យកគ្រួសារមកពាក់ព័ន្ធ ពោលគឺបែងចែងមិនត្រូវរវាងគ្រួសារផ្ទាល់ខ្លួន នឹងប្រពន្ធកូន។ទោះជាយ៉ាងលោក ស៊ុក សុភាបានបន្តរក្សាភាពស្ងប់ស្ងាត់ដោយមិនតបតទៅកាន់អតីតភរិយាឡើយ ហើយគេនៅបន្តរងចាំតាមដានដែរថាតើចំណងស្នេហ៍រវាងអ្នកទាំងពីនឹងបន្តទៅជាយ៉ាងណា ខណៈដែលទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈស្នើឲ្យពួកគេថយមួយជំហានម្នាក់ និងងាកមករកការចចារសម្របសម្រួលដើម្បីក្រុមគ្រួសារ និងចង់ឃើញពួកគេរួមគ្នាជួយដល់កិច្ចការងារសង្គមដូចគ្រាមុនបន្ត៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print