WHO៖ ក្រោយកិច្ចប្រជុំនៅថ្ងៃទី ២៦ខែវិច្ឆិកាក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ជាវីរុសដែលគួរឱ្យបារម្ភបំផុត ។ ទីក្រុងហុងកុងរបស់ចិនបានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ីដែលបានរកឃើញវត្តមានវីរុសថ្មីនេះលើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO លោកស្រី Maria Van Kerkhov បានលើកឡើងថា ក្នុងដំណាក់កាលនៃការប្រឈមមុខនឹងវីរុសបំប្លែងខ្លួនថ្មី ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយនេះ លោកស្រីវេជ្ជបណ្ឌិត Maria នៅតែបន្តណែនាំអំពីសារៈសំខាន់នៃការធានាឱ្យបានការចាក់វ៉ាក់សាំងពេញលេញ។ ប្រទេសមួយចំនួនដែលបានស្វែងយល់អំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអុីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរជាមួយប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសបុតស្វាណា (Botswana) ព្រមទាំងប្រទេសចំនួន៣ទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) រួចរាល់ហើយ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ខណៈដែលប្រទេសអូស្ត្រាលីក៏កំពុងតែគិតគូរក្នុងការធ្វើដូចគ្នានេះផងដែរ។ ដោយឡែកសម្រាប់ប្រទេសឥណ្ឌាវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានចេញបញ្ជាឱ្យអាជ្ញាធរតាមអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនដាក់ឧបករណ៍តាមដានសុខភាពទៅលើអ្នកដំណើរមកពីប្រទេសទាំង៥ នៅតំបន់អាហ្វ្រិកខាងត្បូងខាងលើនេះផងដែរ ហើយការកែសម្រួលផ្នែកទិដ្ឋាការចំពោះប្រទេសទាំង៥នេះកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ។ តាមក្រុមអ្នកវិទ្យាសាស្ត្រនៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នេះ ដែលមានទ្រង់ទ្រាយ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីអង់គ្លេសបានកំណត់ថា វីរុសនេះប្រហែលជាមានការបំប្លែងខ្លួន «ទ្វេដង» ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ៕ ដោយសាធី
រូបថត៖Reuters.
រូបថត៖Getty Images