ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្តន៍ដោយមានការបំប្លែងខ្លួននវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការ ចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។ ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅបណ្តាប្រទេសមួយ ចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធ ភាពនៃការចម្លងរហ័សរបស់វាំរឿង់ B1.1.529 នេះផងដែរ។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV2 (TAG-VE) បាន វាយតម្លវាញ៉ង់ SARS -CoV-2 ថ្មី B1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា អូមីក្រុង (Omicron) ។
ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ និងដើម្បីបន្ត និរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្តី ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចតទៅ៖
១. សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ“ឱ្យបាន ហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានាដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឫទីតាំងការងារ ឫទីតាំងប្រកបរបររកស៊ីទទួលទាន ជៀសវាងកន្លែងមានមនុស្សច្រើនកន្លែងដែលបិទជិតគ្មានខ្យល់ចេញ ចូល និងទទួលចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់គ្នា។
២. រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែល ពាក់ព័ន្ធទៅនឹងភាពខុសប្លកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្ត ទៅអ្នកដែលនៅជិតខ្លួនឬក្រុមគ្រួសារខ្លួនក្នុងកំឡុងពេលរងចាំការវិភាគដើម្បីរកវីរុសកូវីដ-១៩ថ្មីនេះ។
៣. ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជនដែល ងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការ ការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ និងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ៗ ជាដើម។
ក្រសួងសុខាភិបាល … សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងការថែរក្សាសុខភាពឲ្យបានល្អរបស់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការ ណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅម្នាក់ និងកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ នេះចូលក្នុងសហគមន៍យើង។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ … សូម ប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។ ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារ អប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕