ខេត្តកំពង់ធំ៖ បេីយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរងគ្រោះចំនួន ៣នាក់ដោយសារតែក្រុមប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ១០នាក់បានធ្វេីសកម្មភាពប្រេីហិង្សាដោយមានទាំងកាំភ្លេីងខ្លី, ខ្សែក្រវាត់ និងដំបងឈេឺជ្រុង ព្រួតវាយពួកគាត់បណ្ដាលឱ្យរងរបួសយ៉ាងដំណំ ហេីយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ ដោយបានឃាត់ខ្លួនជនដៃដល់ចំនួន៤នាក់យកទៅសាកសួរដេីម្បីចាត់ការតាមច្បាប់។ ប៉ុន្តែមានគេ
លួចបង្ហេីបប្រាប់ថា បច្ចុប្បន្ននេះមានមេកោយរបស់ក្រុមជនដៃដល់កំពុងរត់ការដោះលែងពួកគេផងដែរ។
ជាក់ស្ដែង បេីយោងតាមរបាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្នាចំនួន៤នាក់ មធ្យោបាយរថយន្តមួយគ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ពៅសម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំដោយផ្ទាល់តាមរយៈទូរស័ព្ទ បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក និងកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកបារាយណ៍ចុះបង្ក្រាបករណីហិង្សាដោយចេតនាមានអាវុធនៅចំណុចផ្ទះរបស់ឈ្មោះ ថា ធីតា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល១០នាក់បានធ្វើសកម្មភាពវាយតប់ទៅលើក្រុមជនរងគ្រោះដែលមានគ្នា៦នាក់ ដោយប្រើដៃ ខ្សែក្រវាត់ និងដំបងឈេឺជ្រុង រួមទាំងអាវុធខ្លីចំនួន០១ដើម ហួសសុពលភាពថែមទៀតផង បណ្ដាលឱ្យជនរងគ្រោះចំនួន៣នាក់រងរបួសស្រាលត្រង់ដៃខាងឆ្វេងមួយកន្លែង ត្រង់សៀតផ្កាខាងស្ដាំមួយកន្លែង(១ខ្សែក្រវាត់)និងត្រង់ក្រោមគុម្ពត្រចៀកស្តាំមួយកន្លែង(០១ខ្សែក្រវាត់)។
របាយការណ៍ដដែលបន្តថា ជាលទ្ធផល៖ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ មានដូចខាងក្រោម៖
ទី១-ឈ្មោះទេព ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទី២-ឈ្មោះឡេង ចាន់រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី៣-ឈ្មោះជួន ប៉ោជាំង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
និងទី៤-ឈ្មោះខា កុសល ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិក្រោលគោសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យកពីជនដៃដល់រួមមាន៖ ១.អាវុធខ្លីចំនួនមួយដើមម៉ាកBERETTA លេខBER665672បង់ចំនួនមួយមានគ្រាប់ពីរគ្រាប់, ២.រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-4488 ,៣.បណ្ណសម្គាល់អាវុធខ្លីចំនួន១សន្លឹក, លិខិតបញ្ជាបេសកកម្មចំនួន១សន្លឹក, អត្តសញ្ញាណប័ណ្ណទាហានចំនួន១សន្លឹក, ៤.ក្បាលខ្សែក្រវាត់ចំនួនមួយ, ៥.សោកុងតាក់ចំនួន០១. ,៦.ទូរស័ព្ទចំនួន០២គ្រឿង ,៧.ដំបងឈេឺ០២កំណាត់, ៨.កំប៉ុងជ័រចំនួន០១ និង៩.ស្រោមកាំភ្លេីងខ្លីចំនួន០១។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដេីម្បីចាត់ការតាមច្បាប់។ ប៉ុន្តែប្រភពមួយបានលួចបង្ហេីបប្រាប់ថា ក្រុមជនដៃដល់កំពុងមានមេកោយព្យាយាមរត់ការដោះលែងជនសង្ស័យឱ្យមានសេរីភាពផងដែរ។ ខណៈជនរងគ្រោះជាច្រើននាក់កំពុងព្រួយបារម្ភខ្លាចជនដៃដល់រួចពីសំណាញ់ច្បាប់។ ដូច្នេះពួកគាត់អំពាវនាវដល់ស្ថាប័នតុលាការមេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់ផង៕
ដោយ៖ស តារា