ខេត្តកណ្តាល : ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងការរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ដែលការឃាត់ខ្លួននេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។
ហេតុការណ៍ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង១៦ៈ២៥នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនីត្រង់ចំណុច ផ្លូវលំ ក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ម៉េង វឌ្ឍនា (ហៅ
វឌ្ឍ) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice) ចំនួន០១កញ្ចប់។
២-ម៉ូតូម៉ាកហុងដាវ៉េវ ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន២ដីកាគឺ
ទី១-ដីកាលេខ១០១១ ដកបចខ ចុះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយលោកចៅក្រមស៊ើបសួរ ពេជ ម៉ារ៉ែន អមសាលាដំបូងខេត្តកណ្តាល។
ទី២-ដីកាលេខ៥៨៧ ដក.បចខ/២១ ចុះនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយលោកចៅក្រមជំនុំជម្រះ ហេង ផល្លា អមសាលាដំបូងខេត្តកណ្តាលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ លុះនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦ៈ២៥នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង វឌ្ឍនា (ហៅវឌ្ឍ) នៅចំណុចផ្លូវលំស្ថិតនៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ និងបានឆែកឆេរដងខ្លួនរកឃើញមានលាក់ទុកនូវម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១កញ្ចប់ ដែលបានលាក់ទុកនៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់នេះ គឺរូបគេទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ឡា ភេទប្រុស នៅចំណុចរោងទុកចោល ស្ថិតនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដែលមួយកញ្ចប់នេះតម្លៃ ៨០,០០០៛ (ប្រាំបីមុឺនរៀល) ដើម្បីយកមកទុកប្រើប្រាស់ ជាមួយនឹងមិត្តភក្តិ តែត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនបានរួមជាមួយថ្នាំញៀននេះតែម្តង៕
ដោយ៖ ស សម