ខ្សែប្រយុទ្ធក្លិប Paris St-Germain និងអាហ្សង់ទីន Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ដែលជាពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំជាលើកទី៧។ Messi ដែលមានអាយុ៣៤ឆ្នាំបានជួយប្រទេសរបស់គាត់ឈ្នះពានរង្វាន់ Copa America ដែលជាកិត្តិយសអន្តរជាតិជាលើកដំបូងរបស់គាត់ ហើយបានស៊ុតបញ្ចូលទី៤០គ្រាប់ក្នុងឆ្នាំ២០២១, ២៨គ្រាប់សម្រាប់ Barcelona, ៤គ្រាប់សម្រាប់ Paris St-Germain និង៨គ្រាប់សម្រាប់អាហ្សង់ទីន។
ខ្សែប្រយុទ្ធ Bayern Munich សញ្ជាតិប៉ូឡូញ Robert Lewandowski ជាប់លេខ២ ខ្សែបម្រើ Chelsea និងអ៊ីតាលី Jorginho ជាប់លេខ៣ ហើយខ្សែប្រយុទ្ធបារាំង Karim Benzema របស់ Real Madrid ជាប់លេខ៤។
Ballon d’Or ត្រូវបានបោះឆ្នោតឱ្យដោយអ្នកសារព័ត៌មានចំនួន១៨០នាក់មកពីជុំវិញពិភពលោក ទោះបីជាមិនមានពានរង្វាន់នៅឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃមេរោគឆ្លងក៏ដោយ។ ទាំង Messi ឬ Cristiano Ronaldo (ឈ្នះ៥ដង) បានប្រមូលពានរង្វាន់ជារៀងរាល់ឆ្នាំពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ខុសពីឆ្នាំ២០១៨ នៅពេលដែលខ្សែបម្រើក្រូអាត Luka Modric បានឈ្នះពាននេះ។
Messi ធ្លាប់ឈ្នះពានច្រើនជាងកីឡាករដទៃទៀត ហើយជោគជ័យទី៧របស់គាត់កើតឡើងបន្ទាប់ពីការឈ្នះក្នុងឆ្នាំ២០០៩, ២០១០,២០១១, ២០១២, ២០១៥ និងឆ្នាំ២០១៩។
គាត់បាននិយាយនៅក្នុងពិធីដែលធ្វើឡើងនៅ Theatre du Chatelet ទីក្រុងប៉ារីសថា “វាពិតជាមិនគួរឱ្យជឿក្នុងការមកទីនេះម្តងទៀត។ កាលពីពីរឆ្នាំមុន ខ្ញុំគិតថាវាជាលើកចុងក្រោយ មនុស្សចាប់ផ្តើមសួរខ្ញុំថាពេលណាខ្ញុំនឹងចូលនិវត្តន៍ ប៉ុន្តែឥឡូវនេះខ្ញុំនៅទីនេះនៅទីក្រុងប៉ារីស ហើយសប្បាយចិត្តខ្លាំងណាស់។ វាជាឆ្នាំដ៏ពិសេសសម្រាប់ខ្ញុំជាមួយនឹងពានរង្វាន់ Copa America នេះ។ វាមានន័យច្រើនក្នុងការឈ្នះ ១-០ ទល់នឹងប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Maracana ហើយខ្ញុំពិតជារីករាយណាស់ក្នុងការអបអរសាទរជាមួយប្រជាជនមកពីប្រទេសអាហ្សង់ទីន។ ខ្ញុំមិនដឹងថា តើវាជាឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំឬអត់នោះទេ ខ្ញុំមានអាជីពយូរអង្វែង ប៉ុន្តែវាជាឆ្នាំពិសេសមួយដែលឈ្នះពានជាមួយអាហ្សង់ទីន បន្ទាប់ពីពេលវេលាដ៏លំបាក និងការរិះគន់”។
Messi ក៏បាននិយាយយ៉ាងកក់ក្តៅចំពោះប្រធានក្រុមជម្រើសជាតិប៉ូឡូញវ័យ៣៣ឆ្នាំ Lewandowski ដោយគាត់លើកឡើងថា “ខ្ញុំចង់និយាយទៅ Robert ថាវាជាកិត្តិយសដែលឡើងប្រឆាំងគាត់។ គាត់សមនឹងឈ្នះវាកាលពីឆ្នាំមុន”។
Lewandowski បានស៊ុតបញ្ចូលទីបាន៥៣គ្រាប់នៅក្នុងការប្រកួតទាំងអស់ក្នុងឆ្នាំ២០២១ សម្រាប់ក្រុម Bayern ហើយត្រូវបានផ្តល់រង្វាន់ Striker of the Year ដែលជាពានរង្វាន់ថ្មីមួយដែលត្រូវបានប្រកាសត្រឹមតែប៉ុន្មានម៉ោងមុនពេលពិធីចាប់ផ្តើម។
កីឡាករ Gianluigi Donnarumma របស់ក្លិប Paris St-Germain ដែលបានជួយអ៊ីតាលីលើកពាន Euro 2020 បានឈ្នះពានរង្វាន់ Yashin Trophy សម្រាប់អ្នកចាំទីល្អជាងគេ ខណៈដែលម្ចាស់ជើងឯក Champions League ក្លិប Chelsea បានជាប់ជា Club of the Year។
ខ្សែបម្រើ Pedri វ័យ១៩ឆ្នាំរបស់ Barcelona បានឈ្នះពានរង្វាន់ Kopa Trophy សម្រាប់កីឡាករល្អបំផុតដែលមានអាយុក្រោម២១ឆ្នាំ ដោយកីឡាករអន្តរជាតិអង់គ្លេស Jude Bellingham, Mason Greenwood និង Bukayo Saka ជាប់លេខ២ លេខ៥ និងលេខ៦។ កីឡាករ១៤នាក់ក្នុងចំណោម៣០នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ Ballon d’Or បច្ចុប្បន្នលេងនៅ Premier League ។
Chelsea មានកីឡាករចំនួន៥នាក់តំណាងដោយកីឡាករជាប់ចំណាត់ថ្នាក់លេខ៣ Jorginho ចូលរួមដោយ N’Golo Kante លេខ៣, Romelu Lukaku លេខ១២, កីឡាករ Mason Mount លេខ១៩ និង Cesar Azpilicueta ជាប់លេខ២៩ ។
ម្ចាស់ជើងឯក Premier League ក្លិប Manchester City មានកីឡាករដូចជា Kevin de Bruyne លេខ៨, Raheem Sterling លេខ១៥, Riyad Mahrez លេខ២០, Phil Foden លេខ២៥ និង Ruben Dias លេខ២៦។
ចំណែកក្លិប Manchester United កីឡាករ Ronaldo និង Bruno Fernandes ជាប់លេខ៦ និងស្មើលេខ២១, កីឡាករ Mohamed Salah របស់ Liverpool ជាប់លេខ៧ និង Harry Kane របស់ Tottenham លេខ២៣ ៕ (រូបភាព ៖ BBC Sport)