ខេត្តបាត់ដំបង : ៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនមនុស្ស០៧នាក់ពាក់ព័ន្ធករណីកាប់ឆ្ការ គាស់រានឈូសឆាយដីព្រៃលិចទឹកដើម្បីអនុវត្តតាមផ្លូវ ច្បាប់។
ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជ អាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី សូ ឌី បាន អោយដឹងថា, មនុស្សទាំង៧នាក់នេះត្រូវបានឃាត់ខ្លួននៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១និង២៥នាទី រសៀល នៅចំណុចអូរកំបុត ស្ថិតក្នុងភូមិ ព្រែកឆ្កែ ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ នេះបើតាមការសំភាសន៍ពី(EAC NEWS) ជាភាសាអង់គ្លេសទៅកាន់សមត្ថកិច្ចនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។
លោកបានឱ្យដឹងផងដែរថា, មនុស្សទាំង៧នាក់នេះ មាន៦នាក់ជាកសិករដែលរស់នៅភូមិគោកដូង ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង១នាក់រស់នៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ដែលមានអាយុពី២៤ដល់៥៤ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងចាប់យកបានរួមមាន ត្រាត់ទ័រ០១គ្រឿង គោយន្ត០១គ្រឿង ការណូតស្មាច់មានម៉ាស៊ីន០២គ្រឿង និងម៉ាស៊ីន ការណូត០១គ្រឿង។
បច្ចុប្បន្នត្រូវបានមន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កំពុងតែធ្វើការកសាងសំណុំរឿងដើម្បី អនុវត្តតាមផ្លូវច្បាប់ ចំណែកវត្ថុតាងត្រូវបានរក្សាទុកជា បណ្ដោះអាសន្ននៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឯកភ្នំផងដែរ។
សូមបញ្ជាក់ថា, នេះជាទ្រង់ទ្រាយតូចនៅឡើយទេ អាចនឹងបន្តស្រាវជ្រាវ ដើម្បីស្វែងរកការទន្រ្ទានដីព្រៃលិចទឹកបន្ថែមទៀត ខណៈបទល្មើសនេះកើតមានយូរហើយ ភាគច្រើនអាចអ្នកមានអំណាច និងឈ្មួញ ៕
ដោយ : សិលា