ភ្នំពេញ ; នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា : រំឭកអនុស្សាវរីយ៍ខួបមួយឆ្នាំនៃការទទួលសត្វដំរីដ៏ឯកោជាងគេលើលោកឈ្មោះខាវ៉ាន់មកលើទឹកដីសុវណ្ណភូមិនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺ ២ ថ្ងៃក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកានៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍កើតឡើងជាលើកដំបូង។ ជាការរំឭកព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផង និងព្រលឹងចុងសក់ផង។ រំភើប ព្រោះកម្ពុជាបានផ្តល់ជម្រកថ្មីដល់ដំរីឯកាខាវ៉ាន់មកលើទឹកដីកម្ពុជាដ៏ស្រស់ស្អាត និងលែងរស់នៅឯកោទៀតហើយ។
លោករដ្ឋលេខាធិការបន្តថា, ព្រលឹងចុងសក់ គឺព្រឹត្តិការណ៍សហគមន៍បានផ្ទុះឡើងនៅសៀមរាបផង ហើយអ្វីដែលធ្វើឱ្យអារម្មណ៍ខ្ញុំច្របូកច្របល់ គឺក្រោយពីបាននាំខាវ៉ាន់មកដល់ជម្រកថ្មី បានទទួលដំណឹងថាជនបរទេសម្នាក់ដែលជាក្រុមការងារពេទ្យសត្វអមដំរីខាវ៉ាន់មកពីប្រទេសប៉ាគីស្ថានត្រូវបានតេស្តរកឃើញដំបូងថាមានវិជ្ជមានកូវីដ១៩។ អារម្មណ៍ពិតជាមិននឹងនឡើយព្រោះពេលនោះ ពិភពលោកបានផ្ទុះពេញបន្ទុក មនុស្សឆ្លងនិងស្លាប់ជាច្រើនរៀងរាល់ថ្ងៃនៅលើពិភពលោក ហើយវ៉ាក់សាំងក៏គ្មាននៅពេលនោះ។
លោកបន្តថា, មួយយប់ពេញខ្ញុំសម្រានមិនលក់ ព្រឹកឡើងម៉ោង ៦ ខ្ញុំត្រូវធ្វើដំណើរមកភ្នំពេញដើម្បីតេស្តរកកូវីដ១៩ ព្រោះមិនទាន់មានប្រដាប់តេស្តរហ័សនៅឡើយ។ តែជាភព្វសំណាងដ៏ល្អបំផុត រួចផុតពីបញ្ហាទាំងនេះ ក្រោយការបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រថា អ្នកតេស្តដំបូងវិជ្ជមានកូវីដ១៩ នោះមិនមានវិជ្ជមានវិញ។ ពេលធ្វើដំណើរពីសៀមរាបមកភ្នំពេញទាំងព្រឹកដោយមិនហ៊ានហូបអ្វីសោះ និងមិនហ៊ានឈប់តាមផ្លូវ នៅក្នុងចិត្តរបស់ខ្ញុំពេលនោះ ទោះបីជាខ្ញុំតេស្តទៅវិជ្ជមានកូវីដ១៩ ក៏ខ្ញុំមិនស្តាយក្រោយឡើយ ព្រោះខ្ញុំបានបង្ហាញវត្តមានក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជាម្ចាស់ផ្ទះស្វាគមន៍ដំរីឯកោខាវ៉ាន់ និងបានផ្តល់ជម្រកថ្មី ក្តីសង្ឃឹមថ្មី និងជីវិតថ្មីដល់សត្វដំរីអាស៊ីវ័យ ៣៥ ឆ្នាំមួយក្បាលនេះដែលបញ្ជូនមកពីប្រទេសប៉ាគីស្ថាន និងបង្ហាញពីកម្ពុជាជាប្រទេសតូចតែបេះដូងទូលាយ។ នៅថ្ងៃនោះ សារព័ត៌មានជាង ៧០០០ បានចុះផ្សាយ ព័ត៌មាននៃការមកដល់របស់ដំរីខាវ៉ាន់មកកម្ពុជា។ ជាព្រឹត្តិការណ៍ល្បីកក្រើកពិភពលោកលើកទី២ របស់កម្ពុជា បន្ទាប់ពីរឿងរ៉ាវនៃនាវាវើស្តែរដាំ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ថ្ងៃនោះ ខ្ញុំនិងតារាចម្រៀងដ៏ល្បីឈ្មោះរបស់អាម៉េរិកឈ្មោះ @CHER បានរង់ចាំស្វាគមន៍ការមកដល់របស់ខាវ៉ាន់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប និងបន្តជូនដំណើរខាវ៉ាន់ទាំងយប់ទៅដល់តំបន់អភិរក្សដំរីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទោះបីជាព្រឹត្តិការណ៍ព្រលឹងចុងសក់ តែខ្ញុំពិតជាមានមោទកភាព និងរីករាយក្នុងការលះបង់ដើម្បីបម្រើជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ៕
ដោយ : សិលា