ភ្នំពេញ : សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនំាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញ ក្មួយៗយុវជន និង បងប្អូនជនរួមជាតិ ជាទីស្រឡាញ់រាប់អាន !
ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោម ប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតសកល” ពិតជាមាន អត្ថន័យស្របពេលដែលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសពេញលេញឡើងវិញ ដើម្បីប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មី និង ស្តារសង្គម-សេដ្ឋកិច្ច ដែលបានធ្លាក់ចុះនៅក្នុង បរិការណ៍កូវីដ-១៩។
ក្នុងនាមកាកបាទក្រហមកម្ពុជាដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង កុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជា អ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា, ខ្ញុំពិតជាមានសេចក្តី រីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល, សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ ពុកម៉ែ បងប្អូន កូនក្មួយជនរួមជាតិ និង ប្រជាជនទូទាំងពិភពលោក, ប្រារព្ធ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ដើម្បីជំរុញកម្លាំងសាមគ្គីភាពជាតិ និង អន្តរជាតិ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់, បន្តការខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិ និងពិភពលោក, ចៀសផុតពីការរើសអើង,ពុំមានអេដស៍, ពុំមានជំងឺរាតត្បាតសកល និងពុំមានជំងឺកាចសាហាវផ្សេងៗ ទៀត ទាំងបច្ចុប្បន្ន និងអនាគត។
ខ្ញុំមានមោទនភាព និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានប្រយុទ្ធយ៉ាងស្វិតស្វាញ, ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយបានបើកប្រទេសឡើងវិញពេញលេញ, ប្រជាជនមានសិទ្ធិសេរីភាពប្រកបមុខរបរចិញ្ចឹមជីវិតទៅតាមគន្លងប្រក្រតីភាពថ្មី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និង សង្គម។ ទន្ទឹមនេះ, រាជរដ្ឋាភិបាល បានចូលរួមផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋាន និងសហគមន៍ ដែលសង្ស័យថា មានផ្ទុក មេរោគអេដស៍ ឱ្យមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេស ស្ត្រីមានផ្ទៃពោះ ដែលមានផ្ទុកមេរោគអេដស៍ឱ្យបានទទួលសេវាថែទាំ និងព្យាបាលបានទាន់ពេល វេលា, ក្នុងនោះ យើងបានទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន ជាមួយនឹងការកាត់ បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន បានរហូតដល់ ៩០%។
បច្ចុប្បន្ន, កាកបាទក្រហមកម្ពុជា, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់សាខាទាំង ២៥ រាជធានី ខេត្ត បានផ្តល់ការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត អ្នករងគ្រោះដោយសារមេរោគអេដស៍ និង ជំងឺអេដស៍ ដោយបានផ្គត់ផ្គង់ជាស្បៀង, លំនៅឋាន, ការសិក្សា, ការថែទាំសុខភាព, ការផ្តល់ទុន ដើម្បីប្រកបមុខរបរបានប្រមាណ ៩២%។ ម៉្យាងទៀត, យើងបានធ្វើការអប់រំផ្សព្វផ្សាយចំណេះដឹងអំពីជំងឺអេដស៍, ចែករំលែកបទពិសោធន៍ដល់អ្នកផ្ទុក មេរោគអេដស៍ និង ពន្យល់អំពីសារៈសំខាន់នៃការប្រើថ្នាំប្រឆាំងមេរោគអេដស៍ ជាមួយនឹងការអប់រំ មិនឱ្យមានការរើសអើងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងសហគមន៍។
ពេលនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង តាមរយៈស្មារតីសាមគ្គីភាពដែលជា ចលករបង្កើតបានជាចរន្តជាតិ គឺ ការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និង បញ្ចប់ជំងឺ ឆ្លងរាតត្បាតសកល។ ទន្ទឹមនេះ, កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើម បាន ធ្វើការអប់រំផ្សព្វផ្សាយ ស្វែងរកការជួយគាំទ្រ ដើម្បីលើកកម្ពស់ការងារអាទិភាពចំនួន ៣ គឺ ទី១. ការផ្តល់សេវាបង្ការការចម្លងមេរោគអេដស៍ ទាំងក្នុងចំណោមយុវវ័យ និងក្នុងសហគមន៍ និង សេវាបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន ទី២. ការផ្តល់សេវាគាំទ្រសង្គម ដោយសារ មេរោគអេដស៍ និងជំងឺអេដស៍ ដល់ជនរងគ្រោះដោយផ្ទាល់ និងដោយប្រយោល ទី៣. សេវាកាត់ បន្ថយ និងលុបបំបាត់គ្រប់រូបភាពលើការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញ ក្មួយៗយុវជន និង បងប្អូនជនរួមជាតិ ជាទីស្រឡាញ់រាប់អាន !
បច្ចុប្បន្ន, ជំងឺរាតត្បាតសកលកំពុងបន្តនៅតាមបណ្ដាប្រទេសលើពិភពលោក, ដោយឡែក នៅកម្ពុជា ការឆ្លងជំងឺកូវីដ-១៩ នៅសហគមន៍មានការថយចុះយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់, នេះគឺជាសញ្ញាវិជ្ជមានអនុញ្ញាតឱ្យកម្ពុជា អាចបើកប្រទេសវិញបានពេញលេញ ដើម្បីប្រជាពលរដ្ឋ អាចមានលទ្ធភាពប្រកបមុខរបរ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិការណ៍កូវីដ-១៩។ ក្នុងនាម កាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តអនុវត្ត នូវចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ៖
១- សូមបងប្អូនប្រជាពលរដ្ឋ, ក្មួយៗ យុវជន យុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹង ថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បី បញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ឱ្យបានតាមការគ្រោងទុក។
២- ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។
៣- ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និង ទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្ដាយទៅ ទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។
៤- ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
៥- ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋ ទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
៦- ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និង ជំងឺអេដស៍, សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបាន ខ្ជាប់ខ្ជួន, រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល “៣ ការពារ ៣ កុំ ដើម្បីធានាសុខុមាលភាពគ្រួសារ, សហគមន៍ និងសង្គមជាតិយើង។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តភាព ជាដៃគូ និងបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបាននូវគោលដៅសូន្យបី នាឆ្នាំ ២០២៥ ខាងមុខ។
ជាទីបញ្ចប់, ជាមួយនឹង ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១, ខ្ញុំសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកសី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជនរួមជាតិ ក្មួយៗយុវជន យុវនារី សូមចៀសផុត ពីការចម្លង ឬ ឆ្លងមេរោគអេដស៍និងមេរោគកាចសាហាវផ្សេងៗទៀត និងសូមប្រកប តែសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕