ខេត្តកំពង់ឆ្នាំង : បន្ទាប់ពីមានបទបញ្ជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ ដឹកនាំស្រាវជ្រាវរកមុខអ្នករំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ចាត់វិធានការដោយគ្មានយោគយល់ បែរជាលេចមុខ លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់យកដោយខុសច្បាប់ចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញ។ ចំណុចនេះមិនដឹងថា, រួចខ្លួនត្រឹមស្ម័គ្រចិត្តប្រគល់ដីអោយរដ្ឋវិញ ឬចាត់ការតាមផ្លូវតុលាការបន្តតាមនីតិវិធី ដើម្បីជាគំរូ អោយឃើញថា, អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្មើភាពគ្នា ដូចប្រជាពលរដ្ឋនោះដែរ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, រដ្ឋាភិបាលបំពាក់ស័ក្ដិអោយដេីម្បីទៅបង្ក្រាបបទល្មើស ការពារ បម្រើប្រជាពលរដ្ឋ ជាអ្នកអនុវត្តច្បាប់ បែរជាទៅប្រព្រឹត្តបទល្មើសខ្លួនឯង រឿងបទល្មើសទន្ទ្រានកាន់កាប់យកដោយខុសច្បាប់។
សូមបញ្ជាក់ថា, លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹងចាប់ឃាត់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុកនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់យកដោយខុសច្បាប់ចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញទាំងញ័រដៃតតាត់ ជាមួយនឹងព្រលឹងចុងសក់ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នោះ។
មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ?
មហាជនគ្រប់ទិសទីបានសាទរ និង គាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏សូមអរគុណលោកបណ្ឌិត សុខ ទូច ដែលបានចុះស្រាវជ្រាវ និងរាយការណ៍ជូនសម្តេចតេជោ ដេីម្បីសង្គ្រោះដីបឹងទន្លេសាប។
មិនដឹងការស្រាវជ្រាវ និងក្តីរាយការណ៍របស់លោករឿងបឹងទន្លេសាប នឹងរងការប្រឈម ឬអ្នកគុំកួនលោកយ៉ាងណានោះទេ? ខណះអ្នករំលោភយកដីរដ្ឋ ភាគច្រើនអ្នកមានអំណាច។
មនុស្សខ្មែរយេីងមិនដឹងថាស្រេកឃ្លានការមានបានជាមួយការបំផ្លាញសម្បត្តិធម្មជាតិដល់ពេលណា? ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប គឺចាំបាច់ណាស់ជាជម្រកត្រីពងកូននារដូវវស្សា។
សូមលោកបន្តបេសកកម្មជួយសម្តេចតេជោ ហ៊ុន សែន ដេីម្បីបុព្វហេតុជាតិមាតុភូមិ និងសូមបានទទួលសុខសុវត្ថិភាព ជោគជ័យគ្រប់បេសកកម្ម។
សូមបញ្ជាក់ថា, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការអោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបំពេញបេសកកម្មការងារនេះ ដោយយកចិត្តទុកដាក់បំផុត ៕