ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ពី លទ្ធផលជំនួបរវាង លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និងលោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការ លោកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត ជូន លោក ហ្សាក់ បឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពន សាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងបានថ្លែងអំណរគុណដល់ ប្រទេសបារាំងដែលជាតួអង្គដ៏សំខាន់ដែលបានផ្ដល់វិភាគទានពហុវិស័យក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឡើងវិញ ជាពិសេសលើវិស័យអប់រំ សុខាភិបាល យុត្តិធម៌ កសិកម្ម ទេសចរណ៍ វប្បធម៌ ការពារ ជាតិ បរិស្ថាន អគ្គីសនី ទឹកស្អាតជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសបារាំងដែលជាស្ថារ្យករដ៏សំខាន់ ដែលបានរួមចំណែកសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរដល់លោក Jean-Yves Le DRIAN រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប បារាំង ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសប្រារព្ធខួបលើកទី៣០នៃកិច្ចព្រមព្រៀង ស្តីពីដំណោះ ស្រាយនយោបាយគ្រប់ជ្រុងជ្រោយនៃជំម្លោះកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ និងសរបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានអភិវឌ្ឍដោយឈរលើមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ក៏ដូចជាប្រវត្តិសាស្ត្រ រួមគ្នារវាងកម្ពុជា និងបារាំង។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត មានកិត្តិយស ដែលបានមកបំពេញបេសកកម្មការទូត នៅកម្ពុជាប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ព្រោះលោក ធ្លាប់ជាអ្នកកាន់ការងារ ប្រទេសកម្ពុជាផ្ទាល់នៅក្រសួងការបរទេសបារាំង នៅឆ្នាំ១៩៩៥-១៩៩៨ ហើយធ្លាប់បានអមដំណើរ ឥស្សរជនបារាំងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយក្នុងនោះអត្រានៃការចាក់វ៉ាក់សាំងជូនប្រជាជនមានកម្រិតខ្ពស់ ក្នុងចំណោមប្រទេសដែលមាន អត្រាចាក់វ៉ាក់សាំងខ្ពស់ក្នុងសាកលលោក។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផង ដែរ ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយភាពជោគជ័យ។ លោក ក៏ បានប្តេជ្ញាចិត្តខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែល មានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត លើគ្រប់វិស័យប្រកប ដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីបារាំងនូវអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធាន អាស៊ាននាឆ្នាំ ២០២២ ក្រោមមូលបទ “ចូលរួមដោះស្រាយបញ្ហាប្រឈមរួមគ្នា» និងអាទិភាពសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅឆ្នាំក្រោយនេះ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សា សហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ចាប់ពីខែមករា ដល់ចុងខែមិថុនា ឆ្នាំ២០២២ ប្រទេសបារាំងនឹងរៀបចំ វេទិកាថ្នាក់រដ្ឋមន្ត្រីស្ដីពី«កិច្ចសហប្រតិបត្តិការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអញ្ជើញរដ្ឋមន្ត្រីការបរទេសទាំងអស់នៃសហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស កម្ពុជាដែលជាប្រធានអាស៊ាន ចូលរួមក្នុងវេទិកានេះ ដែលនឹងពិភាក្សាលើ ប្រធានបទសំខាន់ៗរួមមាន សន្តិសុខ និងការពារជាតិ ការតភ្ជាប់ និងឌីជីថល ព្រមទាំងប្រធានបទ សកល គឺ ការប្រែប្រួលអាកាសធាតុ ជីវ:ចម្រុះ លំហរសមុទ្រ សុខាភិបាលជាដើម។ លោក ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានឯកភាពគ្នានឹងផ្ដល់កិច្ចសហការទៅវិញទៅមក ដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាអង្គការតំបន់ទាំងពីរ ជាពិសេសនៅពេលកម្ពុជាជាប្រធានអាស៊ាន និង បារាំងជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប នាឆ្នាំ២០២២។
ភាគីបារាំងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍មួយរួមគ្នា ដើម្បីអបអរសារទរខួបលើកទី ៧០ នៃថ្ងៃបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំ ២០២២ ខាងមុខនេះផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីការត្រៀមផ្ដល់កិច្ចសហការពេញលេញ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដល់ លោកឯកអគ្គរដ្ឋទូត ក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ ក៏ដូចជាដើម្បីកសាងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់ តែរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត៕
ដោយ : សុខ ខេមរា