ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានបញ្ជាក់ប្រាប់ថា ចាប់ពីថ្ងៃនេះទៅលោកនឹងប្រើវិធានការក្ដៅចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើសំយាប ឈប់យោគយល់ទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវនៅផ្សារវាលយន្តទៀតហើយ។
ការថ្លែងបែបនេះរបស់លោកអភិបាលរងក្រុងស្វាយរៀងគឺធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ដោយមានការចូលរួមពីកម្លាំងនគរបាលក្រុង លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង កម្លាំងប្រជាការពារភូមិ និងមន្ត្រីរដ្ឋបាលក្រុងស្វាយរៀងជាច្រើននាក់ទៀត។
លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង នៅថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីបានណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹងរឹងរូសមិនឈឺក្បាល ដោយមិនព្រមអនុវត្តតាមការណែនាំនៅជុំវិញផ្សារវាលយន្ត។
លោកបន្ថែមថា រដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសាក៏ដូចជាតាមរយៈការចាក់មេក្រូ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។
ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីបុគ្គលណាមួយនោះទេ។ ក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។
លោកបានបន្តទៀតថា បើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនចូលទិញទំនិញ បន្លែនិងរបស់របរផ្សេងៗ ដោយសារតែមានចិត្តសប្បាយរីករាយពេលឃើញផ្លូវទូលាយ។
ចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឱ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀត។ ប៉ុន្តែក៏មានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមទេ គឺគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីបានលក់ដូរបំពានលើចំណីផ្លូវ ហើយក្នុងនាមលោកជាអាជ្ញាធរក្រុងក៏មិនសប្បាយចិត្តដែរ។
តាងនាមអាជ្ញាធរក្រុងស្វាយរៀងលោកលោកអភិបាលរងក្រុងសូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀងក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ។
ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមដែរ ហាក់បីដូចជាមើលស្រាលដល់ក្រុមការងារ ខ្លះប្រើសម្តីមិនល្អមិនពីរោះស្ដាប់ ប៉ុន្តែអាជ្ញាធរបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនឱ្យមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា។
លោកអភិបាលរងក្រុងក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សារវាលយន្តក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀងនិងធ្វើសំយាបផ្ទះលយមកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះគឺមិនពិតទេ។
ប្រជាពលរដ្ឋដែលធ្វើដំណើរជុំវិញនៅផ្សារវាលយន្តបានសាទរយ៉ាងខ្លាំងដល់រដ្ឋបាលក្រុងស្វាយរៀងដែលដឹកនាំដោយលោកអភិបាលរងក្រុងនិងកងកម្លាំងព្រមទាំងក្រុមការងារដែលចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បានធំទូលាយងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់មិនមានការកកស្ទះដូចមុន៕
ដោយ៖ យឹម សុថាន