ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីជំនាញធ្វើការសិក្សា និងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានគំរាមកំហែងនិងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការគំរាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញសាលារាជធានីនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួននិងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក ឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាពនៃការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិ
ម័រនិងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យស្ថាបនាលូជាមុនសិន ទើបស្ថាបនាផ្លូវតាមក្រោយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខាងលើ ។ គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ គឺដាក់លូ ទំហំ១,៥០ម៉ែត្រគុណនឺង២ម៉ែត្របានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រស្មើ៦០%ហើយ។ ចំពោះការងារដាក់លូ ទំហំ១ម៉ែត្រ ក្រមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។
លោក ឃួង ស្រេង ក៏បានបន្ដចុះពិនិត្យ ស្ថានភាពប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិកំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៣ចូលមកបឹងជើងឯក ដែលមានប្រវែង១២គីឡូម៉ែត្រ។
ពាក់ព័ន្ធនឹងប្រឡាយមេនេះ លោកឃួង ស្រេង ក៏បានស្នើឱ្យមន្ត្រីនៃមន្ទីរជំនាញលើកជាគម្រោងបន្ទាន់ ដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វារទឹកផងដែរ។ប្រឡាយនេះតាមគម្រោងនឹងធ្វើការស្ដារឱ្យបានទទឹងពី១៥ ទៅ១៦ម៉ែត្រ។ បន្ទាប់ពីនេះទៀតលោកឃួង ស្រេងក៏បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះត្រូវតែធ្វើការជួសជុលឡើងវិញនិងស្ថាបនាឱ្យបានធំនិងខ្ពស់ជាងមុន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ ។ដូច្នេះហើយទើបកម្ពស់ទឹកកើនឡើងជាលំដាប់។ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញនឹងលើកជាទំនប់តាមបណ្ដោយសណ្តស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុនធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់ឱ្យបាននៅឆ្នាំក្រោយៗទៀត៕
ដោយ៖ សំរិត