ខេត្តកំពង់ស្ពឺ: ផ្ទះឈើមួយខ្នងត្រូវអគ្គិភ័យឆាបឆេះ គ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិព្រៃគុក ឃុំព្រៃញ្ញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឲ្យដឹងថាផ្ទះដែលត្រូវភ្លើងឆេះ មានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីបេតុងក្រោម ឈើលើ ប្រក់ក្បឿង ជញ្ជាំងក្ក្តារ ជាកម្មសិទ្ធិម្ចាស់ឈ្មោះ ប៊ុន ណន ភេទ ប្រុស អាយុ ៦១ ឆ្នាំ។ ម្ចាស់ផ្ទះអះអាងប្រាប់សមត្ថកិច្ចថា ខណ:ក្រុមគ្រួសារគាត់កំពុងដេកលង់លក់ ស្រាប់តែឮសំឡេងផ្ទុះនៅបារ៉ែតភ្លើងហើយក្លាយជាអគ្គិភ័យពេញបន្ទុកតែម្តង។
ក្រោយមានអគ្គិភ័យនេះកើតឡើង ក្រុមរថយន្តពន្លត់អគ្គិភ័យស្រុកគងពិសីបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹក២រថយន្តទើបភ្លើងរលត់។
តាមការអះអាងពីម្ចាស់ផ្ទះប្រាប់ថា អគ្គិភ័យនេះកើតឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយបំផ្លាញ ផ្ទះ១ខ្នង ម៉ាស៊ីនបូមទឹកចំនួន ២ គ្រឿង ឆេះតុ ទូ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់អស់និងឆេះស្រូវច្រើនបាវទាំងអស់៕
ដោយ÷ប្រាថ្នា