ឥណ្ឌារកឃើញករណីឆ្លងកូវីដ -១៩ ចំនួន៩.២១៦នាក់នៅថ្ងៃទី ៣ខែធ្នូ ហើយជាមួយគ្នានេះក៏បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicronចំនួន២នាក់ផងដែរ ។ នៅពេលនេះក្រុមគ្រូពេទ្យបាននាំគ្នាធ្វើកូដកម្មទាមទារឱ្យក្រុមនិស្សិតពេទ្យដែលទើបតែប្រឡងបញ្ចប់មកជួយធ្វើការ ។
ក្រោយពេលបណ្តាមន្ទីរពេទ្យនៅក្នុងប្រទេសនេះត្រូវធ្វើការទាំងថ្ងៃទាំងយប់ដោយសារតែការឆ្លងកូវីដ-១៩ប្រភេទដែលតា កាលពីខែមេសានិងឧសភាកន្លងមក ។ នៅពេលនេះឥណ្ឌាក៏បន្តរកឃើញករណីឆ្លងថ្មីរាប់សិបពាន់នាក់ក្នុងសប្តាហ៍កន្លងមកដែរ ។
ការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅក្នុងរដ្ឋ Karnataka គឺជាករណីដែលមិនមានប្រវត្តិធ្វើដំណើរទៅឆ្ងាយឡើយ។ ទាំងនោះបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីរលកកូវីដ-១៩ ទី៣ផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌា។
ក្រុមអ្នកជំនាញបានលើកឡើងថា វីរុសបំប្លែងថ្មី Omicron អាចបង្កឱ្យមានអ្នកស្លាប់ច្រើនជាងកូវីដ-១៩ ដែលតាទៅទៀតនៅក្នុងប្រទេសនេះ ។ ទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះល្បឿននៃការឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron លឿនជាង Delta ទៅទៀត។
សមាគមក្រុមគ្រូពេទ្យឥណ្ឌាបានសរសេរលិខិតមួយផ្ញើទៅកាន់ក្រសួងសុខាភិបាល ដោយបានបញ្ជាក់ថា «ទីតាំងសុខាភិបាលទូទាំងប្រទេសប្រឈមនឹងកង្វះគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាសមស្របជាមួយការងារ។ មកទល់ពេលនេះនៅមិនទាន់មានការជ្រើសរើសណាមួយបន្ថែមចូលបម្រើការក្នុងវិស័យសុខាភិបាលនៅឡើយទេ»៕ ដោយ៖សាធី
ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងរលកទីបី ដោយសារតែវីរុសបំប្លែងថ្មីOmicron ។ (រូបថត៖ Reuters)
រូបភាព៖ttxvn