ភ្នំពេញ៖ អគ្គិភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជាប់សាលាបឋមសិក្សាច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ផ្សែងហ៊ុយខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីបង្ការពន្លត់អគ្គិភ័យឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើង។ ក្នុងប្រតិបត្តិការណ៍បង្ការនិងពន្លត់អគ្គិភ័យខាងលេីនេះ មានការសហការពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងជួយបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៤នឹង៥០នាទីថ្ងៃខែឆ្នាំដដែល។ ដោយផ្ទះរងកាខូចខាតមានចំនួន២ខ្នង , ១ខ្នងឈើលើថ្មក្រោម នឹង១ខ្នងទៀតឈើប្រក់ស័ង្ហសីខូចខាតទាំងស្រុង តែករណីនេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះឆាបឆេះឡើងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕ ដោយ៖ ភារ៉ា ដង្កោ