ភ្នំពេញ៖ មានករណីប្លែកៗ កើតមានក្នុងសង្គម ដែលបង្កជាបញ្ហាវិវាទ ជាក់ស្តែងបុរសម្នាក់ ឈ្មោះ ឱ បូរ៉ុង គាត់បានចំណាយប្រាក់ទិញដីក្នុងតម្លៃ 450,000USD (សែសិបប្រាំម៉ឺនដុល្លារអាមេរិក) ប្រគល់ប្រាក់គ្រប់ កាត់ប្លង់រឹងរួចរាល់ បែជាអ្នកលក់មិនព្រមចាកចេញពីដី និងឃ្លាំងដែលខ្លួនលក់មកអោយគាត់ ! នេះបើយោងតាមលិខិតបំភ្លឺចំពោះអ្នកសារព័ត៌មាន និងសាធារណៈជន របស់គាត់ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានន័យទាំងស្រុងដូចខាងក្រោម :
“លិខិតបំភ្លឺ”
– ខ្ញុំបាទឈ្មោះ ឱ បូរ៉ុង ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤៥ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-សូមធ្វើការបំភ្លឺចំពោះអ្នកសារព័ត៌មាន និងសាធារណៈជន
កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ឈ្មោះ នី ណារី និងប្តីឈ្មោះ ផាង អេងឡុង បានលក់ដី និងឃ្លាំងទំហំ ១,១៥៩ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានក្បាលដីលេខៈ ២២១ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០២១២ ០២២១ ចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈកិច្ចសន្យាទិញ-លក់អចលនវត្ថុ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១ ឲ្យមកខ្ញុំបាទ ក្នុងតម្លៃ 450,000USD (សែសិបប្រាំម៉ឺនដុល្លារអាមេរិក) ហើយឈ្មោះ នី ណារី និង ប្តីឈ្មោះ ផាង អេងឡុង ក៏បានទទួលប្រាក់គ្រប់ចំនួន 450,000USD (សែសិបប្រាំម៉ឺនដុល្លារអាមេរិក) ពីខ្ញុំបាទ ផងដែរ បន្ទាប់ពីបានទទួលប្រាក់គ្រប់ចំនួនហើយនោះ ឈ្មោះ នី ណារី និងប្ដីឈ្មោះ ផាង អេងឡុង ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះឱ្យមកខ្ញុំបាទ ដើម្បីផ្ទេរឈ្មោះទៀតផង ។
បន្ទាប់ពីខាងមន្ត្រីសុរិយោដីបានធ្វើការផ្ទេរមកឈ្មោះខ្ញុំបាទ តាមនីតិវិធីរួចហើយនោះ ខ្ញុំបាទដែលជា ម្ចាស់កម្មសិទ្ធិស្របច្បាប់លើដី និងឃ្លាំងខាងលើនេះ បានប្រាប់ទៅឈ្មោះ នី ណារី និងប្តីឈ្មោះ ផាង អេងឡុង ឱ្យរុះរើចេញ និងរុះរើឥវ៉ាន់ចេញពីដី និងឃ្លាំងទំហំ ១,១៥៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាច្រើនលើកច្រើនសារ ប៉ុន្តែអ្នកទាំងពីរនៅតែមិនព្រមចាកចេញពីដី និងឃ្លាំង ខាងលើនេះដដែល។
ខ្ញុំបាទសូមបញ្ជាក់ថា កន្លងមកខ្ញុំបាទ បានជូនដំណឹងឱ្យទៅឈ្មោះ នី ណារី និងប្តីឈ្មោះ ផាង អេងឡុង ឱ្យរុះរើចេញ និងរុះរើឥវ៉ាន់ចេញពីដី និងឃ្លាំងខាងលើ ដោយមានលិខិតជាលាយលក្ខអក្សរតាមរយៈលិខិត ជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះឈ្មោះ នី ណារី និងប្តីឈ្មោះ ផាង អេងឡុង នៅតែមិនព្រមចាកចេញពីទីតាំងដី និងឃ្លាំងខាងលើនេះ ដែលជាកម្មសិទ្ធិរបស់ខ្ញុំបាទ ដដែល។
ដូចនេះការទិញ-លក់ដី និងឃ្លាំងខាងលើនេះ គឺធ្វើឡើងស្របតាមឆន្ទះរបស់គូភាគី ស្របតាមច្បាប់ដែល មានជាធរមាននៃព្រះរាជាណាចក្រម្ពុជា ដែលអាចបញ្ជាក់បានថា ខ្ញុំបាទ ពិតជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដី និងឃ្លាំងទំហំ ១,១៥៩ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតប្រាកដមែន។ មួយវិញទៀតឈ្មោះ នី ណារី និងឈ្មោះ ផាង អេងឡុង ក៏បានទទួលស្គាល់ថា ស្នាមមេដៃនៅលើកិច្ចសន្យាទិញ-លក់អចលនវត្ថុ និងលិខិតប្រគល់-ទទួលប្រាក់ (ថ្លៃទិញ-លក់អចលនវត្ថុ) ចុះ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១ ព្រមទាំងលិខិតប្រគល់-ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ថាពិតជាស្នាមមេដៃរបស់ខ្លួនពិតមែន តែឈ្មោះ នី ណារី និងឈ្មោះ ផាង អេងឡុង នៅតែមិនព្រមរុះរើឥវ៉ាន់ចេញពីទីតាំងដីខាងលើនេះឡើយទោះបីជា ខ្ញុំបាទ បានជូនដំណឹងអំពីការរុះរើនេះក៏ ដោយ ។
ទើបខ្ញុំបាទ បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឱ្យតុលាការជួយរកយុត្តិធម៌ឱ្យមករូបខ្ញុំបាទ ព្រោះ ខ្ញុំបាទបានទិញដី ហើយបានប្រគល់ប្រាក់គ្រប់ចំនួនរួចហើយ ព្រមទាំងខាងសុរិយោដីបានធ្វើការផ្ទេរឈ្មោះ មកខ្ញុំបាទ តាមនីតិវិធីរួចហើយដែរ តែខ្ញុំបាទ បែរជាគ្មានសិទ្ធិគ្រប់គ្រងលើដីរបស់ខ្ញុំបាទទៅវិញ។
បន្ទាប់ពីខ្ញុំបាទបានដាក់ពាក្យបណ្ដឹងរួចមក ក្រោយពីតុលាការបានកោះហៅខ្ញុំបាទទៅសាកសួរ និង ពិនិត្យភស្តុតាងគ្រប់ជ្រុងជ្រោយរួចមក តុលាការក៏បានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៤២៧ “ឃ”ដ.រ ចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ យកទៅអនុវត្តតាមនីតិវិធីច្បាប់ ។
ប៉ុន្តែបែរជាមានសារព័ត៌មានក្នុងស្រុកមួយចំនួនកន្លងមក ដោយបានលើកឡើងថា “ការទិញ-លក់ដី និង ឃ្លាំងខាងលើនេះជាការខ្ចីចងការប្រាក់” ទៅវិញ និងមានសារព័ត៌មានបានលើកឡើងថា “កូនបំណុលមិនព្រម រើឥវ៉ាន់ និងសំភារៈទេ ព្រោះជារឿងជំពាក់លុយសងលុយ មិនត្រូវចង់បានដីរបស់គេដូច្នេះទេ” ។
ចំពោះការលើកឡើងរបស់អ្នកសារព័ត៌មានមួយចំនួនខាងលើ ក៏ដូចជាការលើកឡើងរបស់ឈ្មោះ នី
ណារី និងប្តីឈ្មោះ ផាង អេងឡុង គឺពុំមានឯកសារណាមួយបញ្ជាក់ឡើយ ពោលគឺជាការអះអាងដោយឯកតោភាគីប៉ុណ្ណោះ។ អង្គហេតុដូចបានរៀបរាប់ដោយសង្ខេបខាងលើ សូមអ្នកសារព័ត៌មានទាំងអស់ និងសាធារណៈជនមេត្តាជ្រាប និងជួយពិចារណាតាមការគួរ ៕
ដោយ៖ សុខ ខេមរា