ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ល្មោភកាមម្នាក់ត្រូវបាននគរបាលស្រុកសំរោងទងឃាត់ខ្លួនបានខណៈចាប់រំលោភប្អូនថ្លៃដែលទើបតែសម្រាលកូនបាន៣ខែមិនទាន់រឹងដៃរឹងជើងផងដោយសារលែងលះប្រពន្ធជិត១ឆ្នាំហើយនឹកចង់រួមរក្ស័បែកការប្តឹងនគរបាលឃាត់។
ហេតុការណ៍ឃាត់ខ្លួនបងថ្លៃល្មោភកាមបានកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នៅក្នុងភូមិអង្វែ ឃុំក្រាំងអំបិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា បុរសល្មោភកាមជាបងថ្លៃដែលឃាត់ខ្លួននោះមានឈ្មោះទិត្យ ឈីម អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់រស់នៅក្នុងភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណាំ ញ៉ាញ់ អាយុ៣៧ឆ្នាំទៅធ្វើការរោងចក្រនៅភ្នំពេញក្រោយពីលែងលះគ្នា។ ចំណែកស្ត្រីជាប្អូនថ្លៃរងគ្រោះមានឈ្មោះ ណាំ ចន្ថា អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើទើបតែនឹងឆ្លងទន្លេបាន៣ខែ។
លោកអធិការនគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសល្មោភកាមខាងលើបានលែងលះជាមួយប្រពន្ធជិត១ឆ្នាំមកហើយ ដោយនាំគ្នាទៅធ្វើការនៅក្នុងរាជធានីភ្នំពេញរៀងៗខ្លួនហើយនៅយប់កើតហេតុនេះគឺជនល្មោភកាមបានលបចូលមកផ្ទះម្តាយក្មេកស្មានថាអតីតប្រពន្ធរបស់ខ្លួនត្រឡប់មកផ្ទះវិញក៏ចូលទៅចាប់រំលោភប្អូនថ្លៃស្រីរហូតបានសម្រេចទាំងទើបនឹងឆ្លងទន្លេបាន៣ខែនោះរួចក៏មានការភ្ញាក់ផ្អើលសាច់ញាតិប្តឹងមកនគរបាលក៏តាមចាប់ឃាត់បានភ្លាមៗផងដែរ។
ក្រោយពីចាប់ឃាត់ខ្លួនជនល្មោភកាមបានសារភាពថារូបគេពិតជាបានចាប់រំលោភប្អូនថ្លៃពិតប្រាកដមែនដោយរូបគេស្រវឹងស្រាខ្លាំងហើយនឹកចង់រួមរក្ស័ជាមួយប្រពន្ធផងក៏ដើមកផ្ទះម្តាយក្មេកឃើញគ្រែដែលប្រពន្ធធ្លាប់ដេកនោះមានមនុស្សដេកថាប្រពន្ធដឹងអីជាប្អូនថ្លៃវិញសោះ។
បច្ចុប្បន្នជនល្មោភកាមត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សេនា សក្តិ